(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត នៅក្នុងអាណត្តិរបស់លោក។

ការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានព្រឹទ្ធសភា។

សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត និងអបអរសាទរដល់ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា លោកនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ព្រមទាំងនឹងខិតខំជំរុញបន្ថែមទៀត នូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះទៀត ដើម្បីនាំមកនូវគុណប្រយោជន៍ដល់ប្រជាជនទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ០៣គឺ៖ ១៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម,
២៖ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លាថែមទៀត និង៣៖ ការគាំពារប្រជាជនឥណ្ឌូណេស៊ីកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកអំពី ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងលោកប្រធានាធិបតី ស៊ូកាណូ ដែលរហូតមកដល់ពេលនេះមានរយៈពេល៦៤ឆ្នាំហើយ។ ឆ្នាំថ្មីខាងមុខនេះ នឹងឈានដល់ខួប៦៥ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕