(ស្វីស​)​៖ នៅថ្ងៃទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ និង​ជា​អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បានជួបពិភាក្សាការងារជាមួយលោក OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម។

ក្នុង​ឱកាស​នោះ​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្រ្តី​ បាន​ថ្លែងអំណរគុណប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ច សហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន។

​ទេសរដ្ឋមន្រ្តី​ បានលើកឡើងថា «កម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានកិច្ចប្រជុំ កម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន»

លោក OGASAWARA Ichiro បានជម្រាបថា ជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង២២ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិក។ លោកចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌នានារួម ទាំងអនុសញ្ញាអូតាវ៉ានេះ ហើយបានបញ្ជាក់ថាជប៉ុននឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥៕