(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបន្តផ្តល់កិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សដល់សាលាមធ្យមសិក្សាបច្ចេកទេស ហ៊ី វ៉េ សេលើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាលសមត្ថភាពសិក្ខាកាមរបស់កម្ពុជានៅប្រទេសជប៉ុនតាមរយៈគម្រោងកម្មសិក្សា។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងពេលជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមនឹងនេះ ភាគីជប៉ុន បានលើកឡើងពីគម្រោងពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាពរបស់សាលាមធ្យមសិក្សាបច្ចេកទេស ហ៊ី វ៉េ សេដើម្បីឆ្លើយតបនិងតម្រូវការនាពេលបច្ចុប្បន្ន។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាសនៃការពង្រីកទីផ្សារការងារនៅប្រទេសជប៉ុន រួមទាំងការពង្រីកលលទ្ធភាពនៃកិច្ចសហការផ្សេងទៀតដែលក្រុមហ៊ុនជប៉ុនមើលឃើញពីសក្តានុពលនៅកម្ពុជា។
មួយវិញទៀត លោក បានបញ្ជាក់ជូនក្រុមហ៊ុនជប៉ុនថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាពរបស់ក្រសួងដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មជំនាញកាន់តែច្រើនដើម្បីធានាប្រសិទ្ធភាពនៃផលិតកម្ម និងផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។
មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនសមាគមជប៉ុន-កម្ពុជាថា ក្នុងក្របខណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង បានត្រៀមលក្ខណៈសម្បត្តិជួយក្រុមហ៊ុនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា៕