(សៀមរាប)៖ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងរ៉ូតារ៉ាក់ ក្លឹបសៀមរាប និងដៃគូឧបត្ថម្ភគាំទ្រដោយ គម្រោងធី (PROJECT T) «ដើមឈើដើម្បីជីវិត» របស់សណ្ឋាគារ Jaya House និង ULS និងជំនួយពីប្រទេសអូស្រ្តាលី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីដាំកូនឈើធ្នង់ប្រមាណជាង ១០០ដើម នៅបរិវេណវិទ្យាល័យហ៊ុន សែន រុកតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព និងទេសភាព នៅវិទ្យាល័យឲ្យកាន់តែស្រស់ស្អាតថែមទៀត។
ពិធីនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក នឹម សុវណ្ណ អភិបាលរងស្រុកបន្ទាយស្រី និងលោក ឆាយ ដឹប នាយកប្រតិបត្តិនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជនស្រុក សិស្សានិសិស្សចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ លោក ឆាយ ដឹប បានលើកឡើងថា គម្រោងដែលមាននៅក្នុងអង្គការ គឺជួយទៅលើការផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលនៅតាមសាលាជនបទ ឲ្យមករៀននៅក្រុងសៀមរាប ហើយចក្ខុវិស័យរបស់អង្គការ គឺលុបបំបាត់ភាពក្រីក្រតាមរយៈការអប់រំ ដោយយើងផ្តលអាហារូបករណ៍សិស្សដែលមានជីវភាពខ្វះខាត។ ក្នុងនោះដែរក្រៅពីផ្តល់អាហារូបករណ៍ដល់សិស្ស អង្គការក៏មានគម្រោងជួយដល់សហគមន៍ជាច្រើនរហូតដល់ ៧គម្រោង មានដូចជា៖ វដ្តរដូវរបស់ស្ត្រី ផ្លូវភេទ បរិស្ថាន ទឺកស្អាត និងសំរាមជាដើម។
លោក ឆាយ ដឹប បានបន្តថា ថ្មីៗនេះអង្គការក៏បានបង្កើតគម្រោងមួយដែលមានឈ្មោះថា «ដើមឈើដើម្បីជីវិត» ក្នុងគោលបំណងនៃការបង្កើតគម្រោងនេះឡើង គឺយើងចង់បង្កើតបរិស្ថានស្អាត និងភាពស្រស់ស្អាតនៅក្នុងក្រុងសៀមរាប ក៏ដូចជានៅសហគមន៍ជនបទ ហើយនេះគឺជាគម្រោងដំបូងរបស់អង្គការនៅក្នុងឆ្នាំនេះផងដែរ។ លោកបន្តថា នៅពេលដែលយើងធ្វើគម្រោងនេះឡើងក៏ទទួលបានការចាប់អារម្មណ៍ពីម្ចាស់ជំនួយនៅបរទេស ដែលបានជួយជាដើមឈើ ហើយពួកគាត់ក៏មានអ្នកគ្រោងនឹងមកដាំដើមឈើនៅក្នុងខេត្តសៀមរាបផងដែរ។
លោក ឆាយ ដឹប បានបញ្ជាក់ថា បេសកកម្មរបស់អង្គការនៅបន្តបន្ទាប់ទៀត គឺយើងនឹងដាំដើមឈើនៅរៀងរាល់ពីរខែម្តង ហើងអ្វីដែលយើងចង់ទទួលបានទាក់ទងនឹងគម្រោង ការចូលរួមចំណែកជួយឲ្យបរិស្ថាននៅក្រុងខេត្តសៀមរាបមានពណ៍បៃតង និងផ្តល់ឲ្យប្រជាពលរដ្ឋទទួលបាននូវខ្យល់អាកាសបរិសុទ្ធក្នុងការរស់នៅផងដែរ។
លោក នឹម សុវណ្ណ បានលើកឡើងថា អាជ្ញាធរស្រុកមានសេចក្តីសប្បាយរីករាយ ដែលអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដែលបានផ្តួចផ្តើមគំនិតគ្នាមកចូលរួមដាំដើមឈើ នៅក្នុងវិទ្យាល័យ ហ៊ុន សែន រុកតាឯកនេះ។ ដើមឈើគឺមានសារៈសំខាន់សម្រាប់មនុស្ស និងធម្មជាតិ ជាពិសេសដើមឈើក៏បានផ្តលភាពស្រស់បៃតង ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តផង ហើយដើមឈើ ក៏ជួយការពារពីគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗផងដែរ។
ជាមួយនេះដែរលោកអភិបាលរងស្រុក ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំនៃវិទ្យាល័យ ហ៊ុន សែន រុកតាឯក ជួយបណ្តុះគំនិតដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ឲ្យចូលរួមការពារ និងថែរក្សាដើមឈើបន្ទាប់ពីបានដាំរួច ដើម្បីឲ្យដើមឈើទាំងនេះ មានការលូតលាស់បានល្អទៅថ្ងៃអនាគត។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមក្នុងការដាំដើមឈើ នៅតាមបរិវេណផ្ទះ តាមដងផ្លូវ និងទីសាធារណៈផ្សេងៗ ដើម្បីឲ្យធនធានធម្មជាតិរបស់កម្ពជា រីកដុះដាលបានល្អនៅពាសពេញប្រទេសកម្ពុជា និងស្រស់ស្អាតផងដែរ៕