(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌសែនសុខ។ ពិធីនេះបានធ្វឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក កើត ឆែ បានលើកឡើងថា រាល់សំណើរ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ និងសមិទ្ធផលទាំងអស់ ដែលមានសព្វថ្ងៃនេះ គឺឡើងពីមនុញ្ញផលមួយ គឺសន្តិភាព ប្រសិនបើគ្មានសន្តិភាពទេ យើងគ្មានឱកាសបានអង្គុយដូចជាពេលនេះទេ គឺប្រជាពលរដ្ឋបានចូលរួមក្នុងការរក្សាសន្តិភាព ហើយមានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាងទាំងអស់ សុំបន្តចូលរួមរក្សាសន្តិភាពនេះឱ្យនៅគង់វង់ ដូចយើងស្រឡាញ់ថែរក្សាកូនប៉ុណ្ណា គឺយើងស្រឡាញ់ និងថែរក្សាដូចនោះដែរ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងវេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណើរ សំណូមពរយ៉ាងផុលផុស ដោយសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់ ដូចជា៖ ការស្នើសុំស្ថាបនាផ្លូវ លូ, សុំដាក់បង្គោលភ្លើងនិងកាត់ខ្សែភ្លើងរញ៉េរញ៉ៃ, ស្នើសុំពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លីចំនួន៨២គ្រួសារ, សុំដោះស្រាយបញ្ហាសំរាមដែលប្រជាពលរដ្ឋយកមក បោះចោលលើផ្លូវ បង្កអោយស្អុយប៉ះពាល់សុខភាព និងសុំជួយស្តារប្រឡាយ សុំកាត់មែកឈើនៅក្នុងវិទ្យាល័យភ្នំពេញថ្មី។

លោក កើត ឆែ បានឱ្យដឹងថា នៅក្នុងវេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរ សំណូពរផ្ទាល់មាត់ ចំនួន១២នាក់ និងសំណើរជាលាយល័ក្ខអក្សរដាក់ចូលក្នុងប្រអប់សំបុត្រចំនួន ៥៤សំបុត្រផងដែរ។

ពាក់ព័ន្ធសំណើរ សំណូមពរ ដែលបានលើកឡើងត្រូវបានលោក កើត ឆែ ចាត់មន្ត្រីជំនាញចុះដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ក្រោយបញ្ចប់វេទិកានេះ ដូចជាស្តារការប្រឡាយ លូ ធ្វើផ្លូវ យើងបានដាក់ក្នុងគម្រោងហើយ ផ្លូវមួយចំនួនទៀត សុំមន្ត្រីជំនាញចុះសិក្សា ដើម្បីពិនិត្យលទ្ធភាពធ្វើជូន បញ្ចូលក្នុងគម្រោងអាទិភាព ប្រជុំដោះស្រាយ នាពេលបន្ទាប់។

ដោយឡែកបញ្ហាសំរាម លោក កើត ឆែ បានស្នើសុំឱ្យសង្កាត់ ខណ្ឌ សហការជួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីសំអាតនៅទីតាំងដីឡូតិ៍ដែលគេចោលនោះ និងត្រូវដាក់កម្លាំងប្រចាំការ ដើម្បីហាមឃាត់ពលរដ្ឋដែលយកសំរាម មកបោះចោលនៅទីតាំងនេះតែម្តង។

ជាមួយគ្នានេះ លោកអភិបាលរងរាជធានីភ្នំពេញ បានស្នើសូមឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ បរិស្ថាន ប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងភូមិឋាន។

លោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។

សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួននាពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឱ្យរដ្ឋបាលសាធារណៈ៕