(ភ្នំពេញ)៖ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមន្រ្ដីនគរបាលយុត្តិធម៌ ជំនាន់ទី១, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ជំនាន់ទី១ និងវគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាន់ទី៣ ដែលមានសិក្ខាកាមសរុបចំនួន៣១០នាក់។ ពិធីបិទវគ្គនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ឯក អ៊ុំ អុន នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលមន្រ្ដីនគរបាលយុត្តិធម៌ ជំនាន់ទី១ មានសិក្ខាកាមសរុបចំនួន១៥០នាក់ ស្រី០២នាក់ ដែលមកពីអង្គភាពចំនួន៤៩។ វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ជំនាន់ទី១ មានសិក្ខាកាមសរុបចំនួន ៦០នាក់ ស្រី១នាក់ ដែលមកពីអង្គភាពចំនួន៣២។ វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាន់ទី៣ មានសិក្ខាកាមសរុបចំនួន១០០នាក់ ស្រី១នាក់ ដែលមកពីអង្គភាពចំនួន៣០។

បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុំ អុន ដើម្បីធានាឲ្យវគ្គសិក្សានេះទទួលបានលទ្ធផលល្អ គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ និងប្រឡងបញ្ចប់មេរៀននីមួយៗ ទាំងទ្រឹស្តី ការអនុវត្តជាក់ស្តែងលើទីលានគ្រូតម្រូវធ្វើតេស្ត ដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយបូកជាមួយវិន័យ សីលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន បានចូលរួមអបអរសាទរជាមួយសិក្ខាកាមទាំងអស់ ដែលបញ្ចប់វគ្គសិក្សានៅពេលនេះដោយជោគជ័យ និងទទួលបាននូវចំណេះជំនាញបន្ថែមទៀត ដើម្បីយកទៅបម្រើអង្គភាព ចូលរួមក្នុងបុព្វហេតុជាតិ មាតុភូមិ និងរួមចំណែករក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈគ្រប់គ្រង និងមន្រ្តី នៃសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំដំណើរការវគ្គបណ្ដុះបណ្ដាលទាំង៣នេះ សម្រេចបានជោគជ័យ ស្របតាមកម្មវិធីអប់រំ និងផែនការបណ្ដុះបណ្ដាលដែលបានកំណត់។

ដោយសារតែបច្ចុប្បន្ននេះ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានផ្ទេរសមត្ថកិច្ចគ្រប់គ្រងពីអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជានោះ នាយឧត្តមសេនីយ៍ ឯក មនោសែន បានលើកឡើងអំពីផែនការ និងទិសដៅចំពោះមុខមួយចំនួន ក្នុងការធ្វើកំណែទម្រង់ សំដៅធ្វើឲ្យយ៉ាងណាឲ្យការបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជា កាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានផ្ដាំផ្ញើនូវការណែនាំមួយចំនួន ដល់សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសិក្ខាកាមជ័យលាភីទាំង៣វគ្គ ដែលបានបញ្ចប់ការសិក្សានៅពេលនេះ ដូចខាងក្រោម៖

*ទី១៖ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម៖ ត្រូវចេះបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ក្នុងការគ្រប់គ្រងវគ្គសិក្សា និងបន្តអនុវត្តកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ឲ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាព ។ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ទាំង៣ គឺ គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និងគោលការណ៍គុណភាព ក្រោមទិសស្លោក «យើងរួមគ្នាកសាងវប្បធម៌គុណភាព» ពោលគឺ គុណភាពមិនអាចសម្របសម្រួលបានទេ ហើយអ្នកសិក្សាត្រូវរៀនឲ្យចេះ មិនមែនរៀនឲ្យចប់នោះទេ។

បន្ថែមលើនេះ ត្រូវអនុវត្តតាមអភិក្រម៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ និងនវកម្ម និងបូក១ គឺការមើលឃើញចំណុចខ្វះខាត ដែលជាមូលដ្ឋានគំនិតនៃការដឹកនាំជោគជ័យ។ ត្រូវបន្តកិច្ចសហការល្អ ជាមួយអង្គភាពសាមីពាក់ព័ន្ធនានា ក្នុងការចាត់បញ្ជូនមន្ត្រីនគរបាលកំពុងបម្រើការងារ ដើម្បីមកសិក្សានៅទីនេះ តាមគោលការណ៍ណែនាំ និងផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំរបស់បណ្ឌិត្យសភា ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ជាមួយភាគីវៀតណាមជាមិត្ត។

*ទី២៖ សម្រាប់សិក្ខាកាមជ័យលាភី៖ ត្រូវយកចំណេះដឹង ជំនាញដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពដល់អង្គភាពរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្ដិច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យការងារ គោរពឋានានុក្រមការងារ គោរពតាមការចាត់តាំងរបស់ថ្នាក់លើ និងមានភាពស្មោះត្រង់ ព្រមទាំងធ្វើឱ្យថ្នាក់ដឹកនាំមានការពេញចិត្តលើសមត្ថភាពការងាររបស់ខ្លួន។

ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចដែលថ្នាក់លើប្រគល់ជូន, ត្រូវធ្វើស្វ័យសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍពង្រឹងចំណេះដឹង បទពិសោធការងាររបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ, ត្រូវមានអាកប្បកិរិយា និងឥរិយាបថល្អ ទាំងក្នុងការបំពេញការងារនិងក្នុងសង្គម ជាពិសេសជាមួយប្រជាពលរដ្ឋ ពោលគឺ អស់លោក ត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ, ត្រូវមានទំនាក់ទំនងល្អ មានឆន្ទៈបំពេញការងារ មានការតស៊ូ និងអត់ធ្មត់ក្នុងការងារ និងជីវិតរស់នៅក្នុងសង្គម៕