(ភ្នំពេញ)៖ នៅអាកាសយាន្តដា្ឋនអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញវិលត្រឡប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី ។

អញ្ជេីញទទួលដំណេីរនិវត្តន៍របស់គណៈប្រតិភូ​នាឱកាសនេះរួមមាន​ សមាជិក​ សមាជិការដ្ឋសភា​ ទីប្រឹក្សា​ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ (APA)។

សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការគាំទ្រដោយឥតងាករេចំពោះ ប្រជាជនប៉ាឡេស្ទីន ដែលជាសេចក្តីព្រាងសេចក្តីសម្រេចតែមួយគត់របស់ គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ មិនត្រូវបានអនុម័តនោះទេ ដោយត្រូវលើកយកទៅពិភាក្សាបន្តទៀត នៅក្នុងកិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការ អចិន្ត្រៃយ៍ នេះ។ ចំណែក សេចក្តីព្រាងសេចក្តីសម្រេចផែនការថវិកា APA របស់គណៈកម្មាធិការថវិកា និងផែនការត្រូវបានអង្គប្រជុំអនុម័ត ដោយបានឯកភាពទៅលើគោលការណ៍នៃការចូលរួមវិភាគទានក្នុងទំហំស្មើៗគ្នាពីសភាសមាជិក APA សម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់លេខាធិការដ្ឋាន APA និងតម្រូវឱ្យលេខាធិការដ្ឋានធ្វើបច្ចុប្បន្នភាពផែនការថវិការបស់ខ្លួនដើម្បីកំណត់ចំនួនវិភាគទានឱ្យបានច្បាស់លាស់។ សេចក្តីព្រាងសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍ កិច្ចការ សង្គម និងវប្បធម៌ មានចំនួន១៥ និងគណៈកម្មាធិការ អចិន្ត្រៃយ៍សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ចំនួន៧ ផ្សេងទៀត ត្រូវបានអនុម័តជាស្ថាពរ។

សេចក្តីព្រាងសេចក្តីសម្រេចទាំងអស់ដែលត្រូវបានអនុម័តខាងលើនឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃមហាសន្និបាត APA លើកទី១៤ ធ្វើការអនុម័ត ជាបន្តទៀត។ កិច្ចប្រជុំក៏បានអនុម័តលើរបៀបវារៈផ្សេងៗមួយចំនួនទៀតរួមមាន៖ ការគាំទ្រ សភានៃសាធារណរដ្ឋ អាស៊ែរ បៃ ហ្សង់ ធ្វើជាប្រធាន APA សម្រាប់ឆ្នាំ២០២៤ ការបង្កើតក្រុមការងារពិភាក្សាលើបញ្ហាប៉ាឡេស្ទីន និងការបង្កើតគណៈកម្មការកិច្ចការស្រ្តីAPA។ បន្ថែមពីលើការចូលរួមកិច្ចប្រជុំខាងលើ លោកប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានដឹកនាំជំនួបទ្វេភាគីដោយឡែកៗពីគ្នា ជាមួយ លោក Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគី និងលោកបណ្ឌិត Mohammad Resa MAJIDI អគ្គលេខាធិការ APA។ ជំនួបខាងលើនេះ បាននាំមកនូវវឌ្ឍនភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ លោកប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគីបានសំណូមពរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀតរវាងសភាទាំងពីរកម្ពុជា-ទួកគី។ រីឯជំនួបដោយឡែក លោកអគ្គលេខាធិការ APA បានកោតសរសើរពីអន្តរសកម្មភាពដ៏សកម្មរបស់សភាកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាមួយ APA និងសំណូមពរឱ្យសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គមនិងវប្បធម៌នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ចំពោះសំណើនេះលោក វង សូត អនុប្រធានទី២រដ្ឋសភា បានឯកភាពទទួលយកដើម្បីដាក់ជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់ ៕