(កំពង់ចាម)៖ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវឱ្យគ្រូបង្រៀន និងមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា ត្រូវបន្ត ការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាបដល់ សិស្សានុសិស្ស ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ។

លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៣-២០២៤ និងទីវាដឹងគុណ គ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

លោក ខ្លូត ចិន្តា បានសំដែងនូវការស្វាគមន៍ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងសូមកោតសរសើរ យ៉ាងស្មោះស្ម័គ្របំផុត ចំពោះមន្ត្រីអប់រំ នាយក នាយិកា នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្សទាំងអស់ សមាគមមាតាបិតាសិស្ស គណៈកម្មការគ្រប់គ្រងសាលារៀន ព្រះសង្ឃ អាជ្ញាធរពាក់ព័ន្ធ មន្ទីរ- អង្គភាពជុំវិញខេត្ត អង្គការជាតិ អន្តរជាតិ និងក្មួយៗសិស្សានុសិស្ស ដែលបានខិតខំសិក្សារៀនសូត្រ និង ខិតខំបំពេញការងារតាមភារកិច្ច ស្មារតី ឆន្ទៈ មនសិការខ្ពង់ខ្ពស់ ដើម្បី រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ឱ្យទទួលបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ។

លោកអភិបាលរងខេត្តបន្តថា របាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម គឺបានវាយតម្លៃ យ៉ាងត្រឹមត្រូវ អំពីជោគជ័យ លើគ្រប់ផ្នែកវិស័យអប់រំ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាតាមរយៈ គោលដៅ និងសកម្មភាពចម្បង ដែលបានកំណត់ក្នុងទិសស្លោក«ការអប់រំជាភារកិច្ច របស់យើងទាំងអស់គ្នា» ជ័យជំនះរបស់វិស័យអប់រំ គឺជាជ័យជំនះសរុប ដែលរាជរដ្ឋាភិបាល និងប្រជាជនយើងទាំងមូលសម្រេបាន និងគ្រប់វិស័យដទៃទៀត។

លោក ខ្លូត ចិន្តា បានលើកឡើងដែរថា ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាល ក្នុងសាលារៀន ដែលមានគ្រូបង្រៀន គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្តាយទី២ និងជាវិស្វករ ព្រលឹង នៃយុវជនជំនាន់ក្រោយ។

ប៉ុន្តែក៏ត្រូវមានកិច្ចសហការ ពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ ដូច្នេះមាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំកូនចៅឱ្យពួកគេ ស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់ នៃការកម្សាន្ត ជាមួយគ្រួសារ មិត្តភក្តិត្រឹមត្រូវ ដើម្បី កុំឱ្យពួកគេ ស្ថិតនៅក្នុងក្រុមក្មេងទំនើង ដើរមិនចូលផ្ទះ មិនចូល សាលារៀន ហើយបង្កបញ្ហានៅតាមទីធ្លាសាធារណៈ ឬសាលារៀន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិ៕