(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ ដើម្បីដោះស្រាយ សំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋនៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ក្រុមប្រឹក្សា អាជ្ញាធរខេត្ត កំពង់ចាម បានទទួលសំណើសំណូមពរ និងកង្វល់ សរុប១៩។ ក្នុងនោះត្រូវបានដោះស្រាយភ្លាមៗមួយចំនួន និងមួយចំនួនទៀត ត្រូវបានយកទៅពិភាក្សា ធ្វើការដោះស្រាយតាមនិតិវិធីរបស់រដ្ឋបាល។

វេទិកានេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សា ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពី តំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៤៣១នាក់។

លោក ខ្លូត ផន បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។

សូមបញ្ជាក់ថា អង្គវេទិកានោះ បានដំណើរការអស់រយៈពេល ២ម៉ោង និង៤០នាទី ដោយអាជ្ញាធរក្រុមប្រឹក្សាខេត្ត បានទទួលសំណើរពីប្រជាពលរដ្ឋ ចំនួន៦សំណូមពរចំនួន១០ និងក្តីកង្វល់ចំនួន២ និងទំនាស់ចំនួន១ សរុបចំនួន ១៩។ តាមរយៈគណៈអធិបតី ក្នុងនោះសំណើ សំណូមពរ កង្វល់ និងទំនាស់ចំនួន៨ ត្រូវបានដោះស្រាយ និងឆ្លើយតបភ្លាមៗ ផ្ទេរជូនសមត្ថកិច្ច ១ករណី និងនៅសល់មួយចំនួនទៀត ត្រូវបានទទួលយកទៅពិគ្រោះពិភាក្សា និងដោះស្រាយតាមនិតិវិធីរបស់រដ្ឋបាល៕