(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក (The Law Association for Asia and the Pacific – LAWASIA) លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក លើកទី៣៦ ក្រោមមូលបទ «គ្រប់យ៉ាង គ្រប់ទីកន្លែង ទាំងអស់ក្នុងពេលតែមួយ៖ ការប្រកបវិជ្ជាជីវៈមេធាវីក្នុងយុគឌីជីថល (Everything, Everywhere, All at Once: Lawyering in Digital Age)» ដែលប្រព្រឹត្តទៅនៅទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូអមដំណើរលោក លី ច័ន្ទតុលា រួមមានសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី និងសមាជិកមេធាវីមួយចំនួនសរុបទាំងអស់ ១៧ រូប។ មុនការចាប់ផ្តើមសន្និសីទអន្តរជាតិនេះ គណៈប្រតិភូគណៈមេធាវីក៏បានចូលរួមសិក្ខាសាលាស្តីពីរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ។ វត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកគណៈមេធាវីកម្ពុជានៅ ក្នុងកម្មវិធីអន្តរជាតិនេះ បានលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីកម្ពុជានៅលើឆាកអន្តរជាតិឱ្យកាន់តែខ្ពស់មួយកម្រិតទៀតបន្ថែមទៅលើការលើកកម្ពស់នៅក្នុងប្រទេស។

១៖ ការបង្ហាញវត្តមាន និងសមត្ថភាពរបស់មេធាវីកម្ពុជានៅលើឆាកអន្តរជាតិ

សន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក ជាការជួបជុំប្រចាំឆ្នាំរបស់សមាជិកមេធាវី និងគណៈមេធាវី ការិយាល័យមេធាវី ព្រមទាំងស្ថាប័នតុលាការផងដែរពីបណ្តាប្រទេសជាង៤០ នៅក្នុងតំបន់អាស៉ី និងប៉ាស៉ីហ្វិកដែលពិភាក្សាលើបញ្ហាប្រឈមរបស់វិជ្ជាជីវៈមេធាវីនៅក្នុងតំបន់។ វត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកគណៈមេធាវីកម្ពុជានៅក្នុងកម្មវិធីអន្តរជាតិជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់មេធាវីកម្ពុជាក្នុងការចូលរួម ប្រាស្រ័យទាក់ទង ចែករំលែកវឌ្ឍនភាពអំពីការប្រកបវិជ្ជាជីវៈមេធាវីនៅកម្ពុជា និងការចូលរួមក្នុងសកម្មភាពនានានៅក្នុងសន្និសីទនេះជាមួយមេធាវីបរទេសដោយស្មើភាព។ បន្ថែមពីការអញ្ជើញចូលរួមតំណាងឱ្យវិជ្ជាជីវៈមេធាវីនៅកម្ពុជា លោកប្រធានក៏បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទការបើកទីផ្សារមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស ដែលមានការចូលរួមពីតំណាង

គណៈមេធាវីចំនួន ៧ ប្រទេសផ្សេងទៀតរួមមាន ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី អាឡឺម៉ង់ និងចក្រភពអង់គ្លេស។ សមាជិកគណៈមេធាវីកម្ពុជា ១រូប ក៏បានចូលរួម ជាចៅក្រមដាក់ពិន្ទុលើការទាញហេតុផលផ្ទាល់មាត់នៅក្នុងការប្រកួតសវនាការប្រតិដ្ឋ ដែលប្រារព្ធឡើង ជាផ្នែកមួយនៃសន្និសីទប្រចាំឆ្នាំនេះ។ សកម្មភាពជាលក្ខណៈអន្តរជាតិរបស់ថ្នាក់ដឹកនាំបែបនេះ ក៏បានបញ្ជូនសារដ៏សំខាន់ដល់សមាជិកគណៈមេធាវី អំពីការលើកទឹកចិត្ត សារៈប្រយោជន៍ និងសារៈសំខាន់ ក្នុងការចូលរួមកម្មវិធីជាលក្ខណៈអន្តរជាតិឱ្យបានកាន់តែច្រើនឡើង បន្ថែមពីលើការចូលរួមនៅក្នុងប្រទេស ដើម្បីចូលរួមលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីកម្ពុជានៅលើឆាកអន្តរជាតិ។

២៖ ការស្វែងយល់អំពីការវិវត្តន៍នៃការប្រកបវិជ្ជាជីវៈច្បាប់នៅក្នុងតំបន់ និងសកលោក

សន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក លើកទី៣៦ ជាថ្នាលដ៏សំខាន់ដែលមេធាវីកម្ពុជាបានស្វែងយល់អំពីការវិវត្តន៍នៃការប្រកបវិជ្ជាជីវៈច្បាប់នៅក្នុងតំបន់ និងសកលោក តាមឯកទេស ជាច្រើនក្នុងរយៈពេល ៤ ថ្ងៃនេះនៅកន្លែងតែមួយ តាមរយៈ ១. សិក្ខាសាលាអំពីរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋ ២. កិច្ចប្រជុំគណៈកម្មាធិការឯកទេសដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកទេសនីតិបរិស្ថាន ឯកទេសទំនាក់ទំនង បច្ចេកវិទ្យា និងការការពារទិន្នន័យ និងឯកទេសសិទ្ធិមនុស្ស ព្រមទាំង ៣. កិច្ចពិភាក្សាឯកទេសអំពីកិច្ចការតុលាការ នីតិគ្រួសារ សិទ្ធិមនុស្សនិងនីតិរដ្ឋ នីតិធុរកិច្ច នីតិគ្រួសារ សិទ្ធិកុមារ អចលនទ្រព្យនិងប្រតិបត្តិការ នីតិព្រហ្មទណ្ឌ កម្មសិទ្ធិបញ្ញា/បច្ចេកវិទ្យាព័ត៌មាន មេធាវីស្រ្តី និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ព័ត៌មានអំពីបច្ចុប្បន្នភាពតាមឯកទេស និងតាមបណ្តាប្រទេសទាំងនេះ គឺជាមូលដ្ឋានសំខាន់ដល់មេធាវីកម្ពុជា ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពក្នុងការប្រកបវិជ្ជាជីវៈមេធាវីដែលឆ្លើយតបទៅនឹងតម្រូវការ ព្រមទាំងការវិវត្តន៍របស់សង្គម។

៣៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ

នៅក្នុងឱកាសនៃសន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក លើកទី៣៦ លោកប្រធាន លី ច័ន្ទតុលា និងលោក Kim Young Hoon ប្រធានគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ។

អនុស្សរណៈនេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ លើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ លោកបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

៤៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា

នៅក្នុងឱកាសនៃសន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក លើកទី៣៦ លោកប្រធាន លី ច័ន្ទតុលា និង លោក Prashant Kumar ប្រធានគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ រវាងគណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជា និងគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា។ អនុស្សរណៈនេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ ជាពិសេសចែករំលែកព័ត៌មានអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងមេធាវីបរទេស ជួយគ្នាទៅវិញទៅមកក្នុងការផ្សាយអត្ថបទច្បាប់រវាងប្រទេសទាំងពីរ ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ លោកបានសម្តែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

៥៖ កិច្ចសន្ទនាទ្វេភាគីជាមួយគណៈមេធាវីហុងកុង

ក្រៅពីការអញ្ជើញចូលរួមសន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក លើកទី៣៦ ការពិភាក្សាជាវាគ្មិនកិត្តិយស និងចុះអនុស្សរណៈបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយដៃគូកូរ៉េ និងឥណ្ឌា លោកប្រធានបានបន្តកសាងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីហុងកុង តាមរយៈ កិច្ចសន្ទនាទ្វេភាគី។ ជំនួបកិច្ចសន្ទនានេះធ្វើឡើងក្នុងគោលបំណង បន្តកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ ជួយគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយច្បាប់រវាងប្រទេសទាំងពីរ ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា ជាពិសេសការរៀបចំ កម្មវិធីបណ្តុះបណ្តាលរួមគ្នាតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ លោកបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អរវាងគណៈមេធាវីកម្ពុជា និងសមាគមមេធាវីហុងកុង និងបានជម្រាបជូនសមាគមមេធាវីហុងកុង ពីគម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

៦៖ ទស្សនកិច្ចនៅតុលាការកំពូលនៃរដ្ឋកាណាតាកា (Karnataka) និងគណៈមេធាវីបឹងហ្គាឡូរ៉ូ

បន្ទាប់ពីសន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក លើកទី៣៦ ត្រូវបានបញ្ចប់ លោកប្រធាន បានដឹកនាំគណៈប្រតិភូគណៈមេធាវីកម្ពុជាទៅទស្សនកិច្ចតុលាការកំពូលនៃរដ្ឋកាណាតាកា និងគណៈមេធាវីបឹងហ្គាឡូរ៉ូ នៃរដ្ឋកាណាតាកា សាធារណរដ្ឋឥណ្ឌា ដើម្បីស្វែងយល់អំពីប្រព័ន្ធតុលាការ និងការប្រកបវិជ្ជាជីវៈមេធាវីនៅឥណ្ឌា ជាពិសេសនៅរដ្ឋកាណាតាកា។ លោកប្រធាន និងគណៈប្រតិភូគណៈមេធាវីកម្ពុជាត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯឧត្តម Prasanna B. Varale ប្រធានតុលាការកំពូលនៃរដ្ឋកាណាតាកា និងលោក Vivek Subba Reddy ប្រធានគណៈមេធាវីបឹងហ្គាឡូរ៉ូ។ ក្នុងឱកាសនេះ លោកប្រធាន ត្រូវបានអញ្ជើញឱ្យមានចំណាប់អារម្មណ៍ចំពោះទស្សនកិច្ចនេះផងដែរ។

ក្រៅពីវេទិកាខាងលើ លោកប្រធានក៏បានកសាងទំនាក់ទំនងជាមួយគណៈប្រតិភូគណៈ មេធាវីតាមបណ្តាប្រទេសផ្សេងៗជាច្រើនទៀតក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីកសាងថ្នាល និងកាលានុវត្តភាពបន្ថែម សម្រាប់មេធាវីកម្ពុជា ក៏ដូចជាវិជ្ជាជីវៈមេធាវីនៅកម្ពុជាទាំងមូល។ លោក លី ច័ន្ទតុលា ក៏បានអញ្ជើញគណៈប្រតិភូបរទេសដែលចូលរួមនៅក្នុងសន្និសីទសមាគមច្បាប់នៃតំបន់អាស៉ីនិងប៉ាស៉ីហ្វិក លើកទី៣៦ ទាំងអស់ ដើម្បីគាំទ្រនិងចូលរួមនៅក្នុងកម្មវិធីប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខផងដែរ៕