(ភ្នំពេញ)៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាត្តឲ្យសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (Japanese Business Association of Cambodia – JBAC) ដឹកនាំដោយ លោក មិហ្សឹកុស៊ិ តាកេហារ៉ឹ ជួបសម្តែងការគួរសម និងជជែកពិភាក្សាការងារ។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ ចាប់តាំងពីពេលដែលកម្ពុជាជួបការលំបាកនៅក្នុងសម័យ ក្រោយសង្រ្គាមរហូតដល់ពេលបច្ចុប្បន្ន។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់អំពីសមិទ្ធផលជា ច្រើនដែលព្រះរាជាណាចក្រជប៉ុនបានជួយដល់កម្ពុជា រូមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដោយគ្របដណ្តប់លើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យអាកាសចរស៊ីវិលផលដែរ។

ជាការឆ្លើយតប លោក មិហ្សឹកុស៊ិ តាកេហារ៉ឹ បានសម្តែងនូវភាពសប្បាយរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តី ដែលបានឆ្លៀតឱកាសដ៏មមាញឹក អនុញ្ញតឲ្យគណៈប្រតិភូរបស់លោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងធ្វើទស្សនកិច្ចសិក្សានៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្នុងខេត្តកណ្តាល។

លោកបានបញ្ជាក់ថា សមាគម របស់លោកមានសមាជិកសរុបចំនួន ២៥០ ក្រុមហ៊ុន ដែលក្នុងនោះមាន ក្រុមហ៊ុនជប៉ុន ចំនួន ១៧០ ហើយគោលបំណងចម្បង នៃជំនួបពិភាក្សាការងារ និងដំណើរទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់ និងទទួលអនុសាសន៍បន្ថែមពី លោករដ្ឋមន្រ្តី ក៏ដូចជា ស្វែងរកឱកាសក្នុងការវិនិយោគនៅកម្ពុជាផងដែរ។

លោកបានបន្ថែមទៀតថា ប្រទេសជប៉ុនចង់ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ ប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការមកបណ្តាក់ទុនវិនិយោគ ដើម្បីបង្កើតការងារនៅប្រទេស កម្ពុជាផងដែរ។

ជាចុងក្រោយ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានធ្វើការ គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់អ្នកវិនិយោគជប៉ុន មកប្រកបរបរ អាជីវកម្មនៅកម្ពុជា និងសូមអំពាវនាវឲ្យអ្នកវិនិយោទុន ជប៉ុនថ្មីៗបន្តមកវិនិយោគនៅ ព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងទទួលបាននូវសុខសន្តិភាព និងស្ថេរភាព សង្គមពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពរឹងមាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្ន៕