(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក David Verbiwski ភារធារី ស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

នៅក្នុងជំនួបនេះបានពិភាក្សាផ្លាស់ប្តូរយោបល់អំពី ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់ ការវិនិយោគក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន (Public Private Partnership – PPP) ការអភិវឌ្ឍលើការប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការអភិវឌ្ឍប្រព័ន្ធផ្លូវដែក និងការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដើម្បីបម្រើការក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសនេះ លោក ប៉េង ពោធិ៍នា ក៏បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។

ជាមួយគ្នានេះ លោកភារធារី បានបង្ហាញសុឆន្ទៈក្នុងការសហការជាមួយក្រសួង ក្នុងការណែនាំដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ និងបច្ចេកទេស ពីប្រទេសកាណាដា ដើម្បីជាការរួមចំណែកលើកកម្ពស់ ដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែរឹងមាំ៕