(ស្ទឹងត្រែង)៖ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទជាសកល « រួមគ្នាវិនិយោគលើការទប់ស្កាត់ អំពើហិង្សាលើស្រី្ត និងក្មេងស្រី ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមទាំងអស់គ្នាទប់ស្កាត់ និងបញ្ឈប់ អំពើហិង្សាលើស្រី្ត និងក្មេងស្រី»

លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានឱ្យដឹងថា អំពើហិង្សាបានផ្តល់ផលប៉ះពាល់ច្រើនទៅលើស្ត្រី និងក្មេងស្រី ជាពិសេសផ្លូវកាយ ផ្លូវចិត្ត ផ្លូវសេដ្ឋកិច្ច និងផ្លូវភេទកាលណាមានអំពើហិង្សា សេដ្ឋកិច្ចនៅក្នុងគ្រួសារមានផលប៉ះពាល់ច្រើន បែកបាក់គ្រួសារ មានបញ្ហាសុខភាព សតិអារម្មណ៍ និងមានរបួសស្នាមជាដើម។

តាមរយៈការធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីនេះ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងរំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមច្រើននៅក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ ជាពិសេសបងប្អូននៅតាមទីជនបទ។

លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាចូលរួមលុបបំបាត់ អំពើហិង្សាលើស្ត្រី និងកុមារនៅក្នុងឆ្នាំ២០២៣នេះ ព្រោះអំពើហិង្សា វានឹងធ្វើឲ្យមានការប៉ះពាល់ច្រើនលើសេដ្ឋកិច្ច សង្គមគ្រួសារ និងធ្វើឲ្យមានការងគ្រោះដល់ស្ត្រី និងកុមារ។

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ត្រូវបានថ្នាក់ជាតិកំណត់ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ ក្រោមប្រធានបទ «ជាសកល រួមគ្នាវិនិយោគលើការទប់ស្កាត់ អំពើហិង្សាលើស្រី្ត និងក្មេងស្រី»។

យុទ្ធនាការនេះ ធ្វើឡើងគឺស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

គួបញ្ជាក់ថា សាវតានៃយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី បានចាប់ផ្ដើមឡើង នៅក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម។ ក្រោយមក យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើង នៅគ្រប់ទីកន្លែង នៅលើពិភពលោក រហូតដល់ទិវានេះបានក្លាយទៅជាទិវាអន្ដរជាតិ ដែលអង្គការសហប្រជាជាតិ បានកំណត់ជាផ្លូវការចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាសទទួលស្គាល់ថា ជាទិវាអន្ដរជាតិលុបបំបាត់អំពើហិង្សាលើស្ដ្រី តាមរយៈមហាសន្និបាត លើកទី៨៣ របស់អង្គការសហប្រជាជាតិ៕