(ភ្នំពេញ)៖ ករណីវិវាទដីធ្លីដ៏រាំរៃមួយកន្លែង ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងការបើកទំព័រថ្មីរបស់ក្រសួងអធិការកិច្ច ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាទួលយកទំហំដី និងប្រវែងក្បាលដី ដូចបានសម្រេចក្នុងកិច្ចប្រជុំសម្រុះសម្រួល បញ្ចប់វិវាទដីធ្លីកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងកិច្ចប្រជុំបច្ចេកទេសសម្រុះសម្រួលបញ្ចប់វិវាទដីធ្លីតាមនីតិវិធី សុរិយោដី និងបានបំពេញបែបបទចុះបញ្ជីជូនគូភាគី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាក់ស្តែងនាថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ភាគីវិវាទទាំង២ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម និងសំណង់ ព្រមទាំងមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នាទីស្តីការក្រសួង។

ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នាដូចខាងក្រោម៖

១៖ ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទទាំងស្រុងដោយការសះជា ហើយបានធ្វើសម្បទាន ដោយឈរលើយុទ្ធសាស្ត្រឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងបានទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរៀងៗខ្លួន ដោយសេចក្តីរីរាយបំផុត។

២៖ ភាគីទាំងពីរបញ្ឈប់ និងបញ្ចប់នូវគ្រប់រូបភាពទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ភាគីម្ខាងៗ តាមរយៈគ្រប់មធ្យោបាយ ជាអាទិ៍ តាមរយៈសារព័ត៌មាន និងបណ្តាញសង្គមនានា។

៣៖ ក្រសួងអធិការកិច្ច បិទបញ្ចប់ការអង្កេតស្រាវជ្រាវករណ៏បណ្ដឹងពាក់ព័ន្ធនឹងវិវាទដីធ្លីរវាងភាគីដើមបណ្ដឹង លោកស្រី ជី ចន្ថា និងលោក ជី សារ៉ាវុធ តំណាងឱ្យលោក ម៉ែន ធឿន និងភាគីចុងបណ្ដឹងលោកបណ្ឌិតម៉ែន ដែន និងលោកស្រី ទូច ថាវី ចាប់ពីថ្ងៃនេះតទៅ។

សូមជម្រាបដែរថា នៅអាណត្តិមុនក្រោមការដឹកនាំរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដោះស្រាយដោយជោគជ័យ លើបណ្ដឹងពាក់ព័ន្ធវិវាទដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនករណី ដែលភាគច្រើនជាវិវាទដីធ្លីរ៉ាំរ៉ៃយូរឆ្នាំ។

សូមបញ្ជាក់ថា ករណីវិវាទដីធ្លីដ៏រាំរៃ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នេះជាករណីបណ្ដឹងទី១ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់លោកមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងការបើកទំព័រថ្មី របស់ក្រសួងអធិការកិច្ច នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងជួយ និងប្រាកដនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕