(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ និងប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង និងស្រុកបរកែវ ជាក្រុងស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ពិធីនេះធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ទ្រី មេង រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា ថាវរិទ្ធ អភិបាលរងខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។

ថ្លែងក្នុងពិធីនេះលោក ជា ថាវរិទ្ធ បានសម្តែងនូវការចូលរួមអបរសារទរ និងកោតសរសើរប្រកបដោយមោទនភាពបំផុត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ជាពិសេស ស្រុកតាវែង ក្រុងបានលុង និងស្រុកបរកែវ ដែលត្រូវបានគណៈកម្មការថ្នាក់ខេត្តធ្វើការវាយតម្លៃ ពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បញ្ជាក់ថា ក្រុង និងស្រុកទាំង៣ ត្រូវបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក។

លោកអភិបាលរងខេត្តបន្តថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណនាអាណត្តិទី៥ និងទី៦ កន្លងមក និងបន្តការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ និងផែនការ សកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញ សំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសង្គតិភាពគុណភាពប្រសិទ្ធភាពខ្ពស់។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ វិស័យផ្គត់ផ្គង់ទឹកស្អាត សម្រេចបានអត្រាគ្របដណ្តប់ពី៦២ភាគរយ ក្នុងឆ្នាំ២០១៨ គឺបានកើនឡើងដល់ ៧៤,១០ភាគរយ នៅឆ្នាំ២០២៣។ ចំណែកការលើកកម្ពស់អនាម័យវិញ សម្រេចបានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យនៅក្នុងទូទាំងខេត្តសម្រេចបាន ៧០,៩១% នៅឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនោះ លោក ទ្រី មេង បានសម្ដែងនូវការអបអរសាទរចំពោះក្រុងស្រុកទាំង៣ នៃខេត្តរតនគិរី ទទួលបានការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។

លោកបានសំណូមពរដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ក្នុងខេត្តបន្ដខិតខំប្រឹងប្រែងដើម្បីឲ្យខេត្តរតនគិរីទាំងមូលសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។ បន្ថែមលើនេះលោកក៏បានជំរុញឲ្យក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ខេត្តទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរិះរកវិធានការ និងធនធានក្នុងការលើកកម្ពស់អនាម័យជនបទឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕