(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញលិខិតកោតសរសើរ និងថ្លែងអំណរគុណ ដល់រដ្ឋបាលរាជធានី-ខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុត ចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងឱកាសដែលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដោយជោគជ័យគួរជាទីមោទនៈ។

បើតាមលិខិតដែលបណ្តាញ Fresh News ទទួលបាន, លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្មរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពុះពារមិនខ្លាចនឿយហត់ បង្កបរិយាកាសដល់មូលដ្ឋាន របស់ខ្លួន បានរៀបចំនូវកម្មវិធីសិល្បៈ និងកីឡាផ្សេងៗយ៉ាងក្លៀវក្លារស់រវើក ដើម្បីអបអរនូវព្រះរាជពិធី បុណ្យដ៏មានអត្ថន័យនេះ ជាពិសេសបង្កលក្ខណៈអំណោយផលដល់ការប្រារព្ធព្រឹត្តិការណ៍ជាតិដ៏ធំនេះ នៅតាមបណ្តារាជធានីភ្នំពេញ-ខេត្ត ដោយរក្សាបានសន្តិសុខយ៉ាងល្អប្រសើរ ញ៉ាំងឱ្យប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស រួមទាំងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី បានចូលរួមកម្សាន្តសប្បាយដោយក្តីសោមនស្ស និងទទួលយកនូវបទពិសោធន៍ថ្មីៗ ល្អៗ ពីកម្ពុជា រួមចំណែកលើកស្ទួយ កិត្យានុភាពជាតិកាន់តែខ្ពស់ត្រដែត និងផ្សព្វផ្សាយទៅកាន់សកលលោកនូវប្រពៃណី និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិខ្មែរ។

លោកបានបន្ថែមថា ទន្ទឹមនេះ ជោគជ័យដ៏ធំធេងនៃការប្រារព្ធព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ក៏បានបង្ហាញ ទៅកាន់សកលលោកនូវសុខសន្តិភាពពេញបរិបូរណ៍នៃកម្ពុជា និងភាពម្ចាស់ការប្រកបដោយសមត្ថភាពដ៏ឈ្លាសវៃ និងប៉ិនប្រសប់នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញគោលការណ៍ណែនាំ និងបទបញ្ជនានា ប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅធ្វើយ៉ាងណាបន្តថែរក្សាបានរឹងមាំសុខសន្តិភាព និងស្ថិរភាព ជាតិ ធានាដល់ប្រក្រតីភាព និងជំរុញដំណើរការអភិវឌ្ឍរីកចម្រើនសម្រាប់សង្គមជាតិ និងប្រជាជន៕

ខាងក្រោមនេះជាលិខិតរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា៖