(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដលគណៈអភិបាលរាជធានី-ខេត្ត លើកលែងការបង់កម្រៃសេវា និងពន្លឿនការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។

នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវ អនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ក្នុងគោលបំណងធានាកម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ក្នុងការចុះបញ្ជីដីធ្លីនេះ តម្រូវឱ្យប្រជាពលរដ្ឋរៀបចំឯកសារភ្ជាប់មួយចំនួន ក្នុងនោះក៏មាន ឯកសារភ្ជាប់ដែលស្ថិតក្រោមសមត្ថកិច្ច ពិនិត្យសម្រេចរបស់រដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដូចជា៖ ការធ្វើនីត្យានុកូលកម្មលើឯកសារ បញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការចេញសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្ដីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់ មរណភាព និងការចេញលិខិតបញ្ជាក់ទាយាទជាដើម។ ហេតុដូច្នេះដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីនេះ ក្រសួងមហាផ្ទៃ សូមស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អនុវត្តការងារមួយចំនួនដូចខាងក្រោម៖

ទី១៖ ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំ និងដាក់ចេញដីកា ស្ដីពីការលើកលែងការបង់កម្រៃសេវា សម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លី ត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ

ទី២៖ ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារចុះគាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការអនុវត្តការងារនេះ ព្រមទាំងត្រូវធ្វើរបាយការណ៍ឱ្យបានជាក់លាក់ មកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕