(ភ្នំពេញ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុង្រទេសកម្ពុជា ឱ្យកាន់តែមានច្រើនឡើង សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកាក់សំណល់ពីសល់ពីគ្រាប់ស្វាយចន្ទី បច្ចុប្បន្នកំពុងមានទីផ្សារ សម្រាប់កែច្នៃជាផលិតផ្សេងៗទៀតជាដើម។

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសក្ដានុពលខ្លាំង ក្នុងការដាំដំណាំប្រភេទដើមស្វាយចន្ទី ម្យ៉ាងទៀតដំណាំស្វាយចន្ទី គឺជាដំណាំផ្ដល់អត្ថប្រយោជន៏ច្រើន។ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ ដែលអាចឱ្យកសិករធ្វើការដាំដុះ តាមលក្ខណៈធម្មតា ក៏អាចដុះបានល្អ។

ការបង្ហាញការចង់ឃើញបែបនេះរបស់លោកបណ្ឌិត ធន់ វឌ្ឍនា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញធ្វើជាវិគ្មិន ការរៀបចំបាឋកថាមួយក្រោមប្រធានបទ៖ «ការលើកកម្ពស់ផលិតកម្មនិងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា» ជូនដល់និស្សិត សិក្សាផ្នែកសិកម្មជាង១០០នាក់។

លោកបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា ផលិតស្វាយចន្ទី ច្រើនប៉ុន្តែយើងនាំចេញគ្រាប់ស្វាយចន្ទី កែច្នៃតិច អញ្ចឹងមានន័យថាយើងអាចមានឱកាសក្នុងការបង្កើតកែច្នៃនៅក្នុងស្រុក ហើយនឹងនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ»

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងលើកកម្ពស់ការផលិតគ្រាប់ស្វាយចន្ទី ជាពិសេសបានលើកលែងពន្ធ ការជំរុញឱ្យមានការគាំទ្រទាំងហិរញ្ញវត្ថុដោយន្ធូរបន្ថយការប្រាក់ជូនកសិករជាដើម។

លោកបណ្ឌិត បានបន្ថែមថា ក្រៅពីការកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ គឺកាក់សំណល់គ្រាប់ស្វាយចន្ទី ដែលនៅសល់ពីការកែច្នៃ អាចកែច្នៃចេញជាផលិតផលផ្សេងៗ ឧទាហរណ៍សំបកស្វាយចន្ទី អាចកែច្នៃចេញជាប្រេង ខណៈសំបកទាំងនេះត្រូវបានលក់ចេញក្នុង១តោន ស្មើនឹង១០០ដុល្លារ។

លោកបណ្ឌិត បានបន្តថា ដោយសារតែទំហំនៃការកែច្នៃគ្រាប់ស្វាយចន្ទី នៅកម្ពុជា មានទំហូតូច ដូចនេះការបន្សល់កាក់សំណល់ដែលលក់ចេញលើទីផ្សារសម្រាប់កែច្នៃជាផលិតផលផ្សេងៗក៏នៅមានចំនួនតិច ដូច្នេះ ប្រសិនបើជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងប្រទេសឱ្យបានកាន់តែច្រើននោះនឹងធ្វើឱ្យឧស្សាហកម្មកែច្នៃកាក់សំណល់ពីគ្រាប់ស្វាយចន្ទី នៅកម្ពុជានឹងមានការរីកចម្រើននៅពេលខាងមុខ។

«គ្រាប់ស្វាយចន្ទី អាចផលិតបានជាផលិតផលសម្រេចជាច្រើនសម្រាប់ចេញទៅកាន់ទីផ្សារ ដែលអាចបង្កើនតម្លៃរបស់គ្រាប់ស្វាយចន្ទី ឱ្យកាន់តែខ្ពស់បន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ធន់ វឌ្ឍនា។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ក៏បានជំរុញឱ្យនិស្សិតដែលសិក្សាផ្នែកកសិកម្មពិចារណាលើប្រធានបទស្រាវជ្រាវបញ្ចប់ការសិក្សាផលិតជី ដែលផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី ឬការកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យកាន់សម្បូរបែរ ឬការសិក្សារកទីផ្សារបន្ថែមទៀតជាដើម។

សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ទទួលបានទឹកប្រាក់ ៨៣១លានដុល្លារ ថយចុះជិត ១៦.៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យ ពីសមាគមស្វាយចន្ទីកម្ពុជា។

សមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា តម្លៃមធ្យមគ្រាប់ស្វាយចន្ទីស្ងួតតម្លៃ ១,៦៥៨ដុល្លារ ក្នុង១តោន។ សម្រាប់ខែតុលា គ្រាប់ស្ងួតតម្លៃ ៧០០០រៀល ទៅ៧៥០០រៀល ក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង១តោន។

ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទី នាពេលខាងមុខ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលជាផែនទីចង្អុលផ្លូវដែលបានផ្តោត ទៅលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន៣ គឺយុទ្ធសាស្ត្រនៃការផលិត យុទ្ធសាស្ត្រនៃការកែច្នៃ និងយុទ្ធសាស្ត្រនៃការនាំចេញ ប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែង និងឈានមុខគេលើទីផ្សារ។

គោលនយោបាយនេះ នឹងរួមចំណែកសំខាន់ ក្នុងការសម្រេចបានគោលដៅ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ដោយគោលនយោបាយនេះ បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ដែលមានក្រសួង ស្ថាប័ន ទទួលបន្ទុក និងពេលវេលាអនុវត្តច្បាស់លាស់។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន ផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទី សរុបប្រមាណ៧០ម៉ឺនហិកតា។ កាលពីឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១,១៨០,០០០តោន ស្មើនឹង២៤%នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជាជាប់លេខ១ ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅលើពិភពលោក។ ចំណែកនៅឆ្នាំ២០២២ កម្ពុជាផលិតបាន ៦៩ម៉ឺនតោន ជាប់លេខពីរនៅលើពិភពលោក៕