(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៦៧+៩៥០ ដល់គ.ម៦៨+៥០០ ស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ត្រូវធ្វើការរុះរើចេញ ខណៈពេលនេះក្រុមការងាររបស់លោក កំពុងធ្វើសកម្មភាពការងារនៅទីតាំងខាងលើ។

លោកប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មន្ទីរនឹងជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៦២ ដោយក្រាលកៅស៊ូDBST ប្រវែង៥៥០ម៉ែត្រ ដោយពង្រីកទទឹងសងខាង៥ម៉ែត្រ ព្រមទាំងផ្លូវបំបែកខ្នែងប្រវែង៦០ម៉ែត្រ ដាក់លូអ៊ុយតាមបណ្តោយផ្លូវប្រវែង៨៨០ម៉ែត្រ ដាក់លូមូលតាមបណ្តោយផ្លូវមុខកាត់០.៨ម៉ែត្រ ប្រវែង៤៥០ម៉ែត្រ និងរឺហ្កាចំនួន១៧កន្លែង នៅចំណុចទីតាំងខាងលើ។

លោក សំ លាងទ្រី បានបញ្ជាក់បន្ថែមទៀតថា មុននឹងក្រុមការងារចាប់ផ្តើម ជួសជុល ពង្រីកផ្លូវ និងដាក់ប្រព័ន្ធលូអ៊ុយ លូមូល នៅទីតាំងខាងលើ មន្ទីរ ក៏ដូចជាអាជ្ញាធរស្រុករវៀង បានធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវចំណុចខាងលើ ត្រូវចូលរួមសហការ រុះរើ សំណង់ផ្សេងៗដែលបានសាងសង់រំលោភលើដីចំណីផ្លូវចេញ។

ស្របពេលដែលក្រុមការងារកំពុងធ្វើសកម្មភាព លោកប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ក៏បានសំដែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួ ដែលបានចូលរួមសហការរុះរើសំណង់ ដែលសង់រំលោភលើដីចំណីផ្លូវចេញ។

លោកសូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋមួយចំនួនតូចទៀត ដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ ដើម្បីឱ្យការ ជួសជុល ពង្រីក និងដាក់លូ នៅចំណុចទីតាំងខាងលើបានដំណើរការដោយស្រួលនិងឆាប់រហ័ស៕