(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឲ្យកាន់តែល្អប្រសើរ ជាពិសេសត្រួតពិនិត្យទៅលើសមិទ្ធផលដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ដោយផ្តោតសំខាន់ទៅលើកិច្ចសហការគ្នាលើវិស័យសុខាភិបាល អប់រំ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ។

លោក ងួន រតនៈ លើកឡើងថា ដើម្បីជំរុញឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត ហើយខេត្តកំពង់ធំនឹងដឹកនាំប្រតិភូសភាពាណិជ្ជកម្មនិងអ្នកពាក់ព័ន្ធ ទៅជួបពិភាក្សាជាមួយអ្នកវិនិយោគខេត្តដុងណាយនាពេលខាងមុខនេះ។ លើសពីនេះទៀត ខេត្តទាំងពីរនឹងជំរុញឲ្យមន្ទីរអង្គភាពរបស់ខ្លួនធ្វើទំនាក់ទំនងគ្នាដោយផ្ទាល់លើវិស័យសុខាភិបាល អប់រំ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា។

លោកបន្តថា ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលនេះ បានសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពដ៏ស្អិតល្មួតរវាងខេត្តកំពង់ធំ និងខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាប់ជានិច្ច។

លោក ងួន រតនៈ ថ្លែងអំណរគុណចំពោះលោកស្រី វីវុ ហុងថាវ អនុប្រធានសហភាពបណ្តាសមាគមមិត្តភាពខេត្តដុងណាយ បានទទួលយកនូវសំណូមពររបស់មន្ទីរពាក់ព័ន្ធនានា ព្រមទាំងសំណូមពររបស់អភិបាលរងខេត្ត ដែលមានវិស័យអប់រំ វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យវប្បធម៌ ព្រមទាំងគាំទ្រនូវការតាំងពិព័រណ៍នៅភូមិមួយផលិតផលមួយ និងជំរុញឲ្យផែនការការងារកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ ចេញជារូបរាងឡើង។

លោកស្រី វីវុ ហុងថាវ បានថ្លែងថា ថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងណាយរង់ចាំទទួលស្វាគមន៍ជានិច្ច សម្រាប់ទទួលកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំខេត្តកំពង់ធំ និងខេត្តដុងណាយ ដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍រវាងប្រជាជននិងប្រជាជន៕