(កំពង់ឆ្នាំង)៖ ក្នុងរដូវសម្រកដើមខ្នើតឆ្នាំនេះសកម្មភាពបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមកើតឡើងវិញខ្លះៗ នៅលើទីតាំងមួយចំនួន ដោយឡែកនៅក្នុងស្រុកជលគីរី ក៏កើតមានគួរសមផងដែរ បើទោះជាមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ បានសហការចុះបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញមួយចំនួនតូចនៅតែបន្តលួចធ្វើសកម្មភាព និងឆ្លៀតឱកាសប្រព្រឹត្តទង្វើខុសច្បាប់ ដែលសកម្មភាពទាំងនោះ បានបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាអ្នករកស៊ីនេសាទជាលក្ខណៈគ្រួសារ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅ ក្នុងឃុំជលសា ស្រុកជលគិរី ពិសេសគឺនៅចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសានេះ គឺមានឈ្មួញតែ៣ទៅ៤នាក់ប៉ុណ្ណោះ ដែលពួកគេតែងវាទទីការនេសាទ និងប្រើឧបករណ៍របាំងស្បៃមុងខុស ច្បាប់បានដោយរលូន ហើយគេអាចនេសាទនៅលើទីតាំងសំខាន់ៗដែលជាច្រកត្រី ធ្វើចរាចរណ៍ដូចជាការដាក់របាំងធ្នួសបិទភ្ជិតព្រែកសំខាន់ៗមួយចំនួន នៅក្នុងបឹងធំខាងលើនេះផងដែរ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានការលួចដាក់របាំងធ្នួសបិទភ្ជិតព្រែកមួយចំនួន និងដាក់របាំងស្បៃមុងវែងៗនៅ ក្នុងភូមិសាស្ត្របឹងធំ និងនៅតាមបណ្ដាព្រែកមួយចំនួនផ្សេងទៀតក្នុងស្រុកជលគិរី លោកក៏បានចុះទៅពិនិត្យជាក់ស្ដែង និងបានដឹកនាំសមត្ថកិច្ចផ្នែកជលផលកំពង់ប្រាសាទ ចុះបង្ក្រាបបទល្មើសដាក់របាំងធ្នួសបិទផ្ជិតព្រែកតាមបណ្ដាព្រែកចំនួន៦កន្លែង នៅក្នុងស្រុកជលគិរីខាងលើនេះដោយផ្ទាល់។

លោក ងិន ហ៊ុន បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាថា ចំពោះការនេសាទទាំងឡាយណាដែលផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល គឺលោកមិនអនុញ្ញាតឲ្យធ្វើការនេសាទនោះឡើយ។ ពិសេសគឺការនេសាទដោយដាក់របាំងធ្នួស បិទភ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗដោយចាប់ពីឆ្នាំ២០២៣នេះទៅ គឺមិនអនុញ្ញាតឲ្យធ្វើជាដាច់ខាត ព្រោះក្រសួងបានចេញសេចក្តីណែនាំ ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងការមិនអនុញ្ញាតឲ្យដាក់របាំងធ្នួសបិទភ្ជិតព្រែក និងប្រឡាយរួចមកលោកក៏បានកោះ ប្រជុំជាបន្ទាន់ ដោយបានធ្វើការណែនាំដល់មន្ត្រីជំនាញរដ្ឋបាលជលផល តាំងពីថ្នាក់ខណ្ឌ រហូតដល់ផ្នែក និងសង្កាត់ និងតាមបណ្ដាលសហគមន៍នេសាទត្រូវតែអនុវត្តតាមសេចក្តីណែនាំនេះឲ្យបានជាដាច់ខាត ប្រសិនបើនៅក្នុងដែន គ្រប់គ្រងរបស់ផ្នែក ឬសង្កាត់ណាកើតមានបទល្មើសដីចខាងលើនេះត្រូវទទួលខុសត្រូវរៀងៗខ្លួន។

ដោយសារតែនៅក្នុងភូមិសាស្ត្រស្រុកជលគិរីនៅ ក្នុងមួយរយៈនេះនៅតែបន្តកើតមានបទល្មើសនេសាទការដាក់របាំងស្បៃមុងដែលមានប្រវែងវែងៗបិទភ្ជិតព្រែកសំខាន់ៗដដែល។ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ លោកក៏បានចេញលិខិតបង្គាប់ការដក ហូតមុខតំណែងលោកនាយរងស្តីទីផ្នែកជលផលកំពង់ប្រាសាទម្នាក់ទៀត ជាការព្រមានព្រោះតែមន្ត្រីរូបនេះ មិនព្រមចុះបង្ក្រាបបទល្មើសការដាក់របាំងបិទផ្ជិតព្រែក ប្រឡាយ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ លោកក៏បានសម្រេចតែងតាំងលោក នួន រិទ្ធី អតីតនាយរងផ្នែកកំពុងប្រាសាទ ជានាយរងផ្នែកស្តីទីរដ្ឋបាលជលផលកំពង់ប្រាសាទជំនួសលោក ខៀវ សុផាន់ណារិទ្ធ នាយរងផ្នែកស្ដីទីមុន។

លោក នួនឬទ្ធី នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ បានរាយការណ៍ឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ងិន ហ៊ុន នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានសហការជាមួយសហគមន៍នេសាទ មានកម្លាំងចំនួន១៨នាក់ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៥គ្រឿង ចុះបង្រ្កាបបទល្មើសនេសាទ ដាក់របាំងសាច់អួនក្រឡាញឹករាំងផ្ជិតព្រែកនៅចំណុចឆ្នុកអណ្ដែង, ព្រែកភ្លង, ក្នុងឃុំពាមឆ្កោក និងនិងព្រែកមួយចំនួនទៀតនៅក្នុងចំណុចបឹងធំ ក្នុងឃុំជលសា ស្រុកជលគិរី រួមទាំងព្រែករំលេច ស្ថិតក្នុងឃុំអណ្ដូងស្នាយ ស្រុករលារប្អៀរ។

ជាលទ្ធផលក្រុមការងារ បានចុះរុះរើកាប់បំផ្លាញ និងដុតកម្ទេចចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹករាំងភ្ជិតព្រែក និងប្រឡាយចំនួន៦កន្លែង មានប្រវែង ៣០០ម៉ែត្រ, លបលូក្រឡាញឹកចំនួន៨គ្រឿង ,បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចម្រុះចំនួន ៥០គីឡូចូលក្នុងបឹងធម្មជាតិវិញ៕