(ភ្នំពេញ)៖ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សិស្សនិទ្ទេស A ក្រខ្សត់ម្នាក់ឈ្មោះ អន ផានិត ដែលមានឪពុកម្តាយមានពិការភាព និងជីវភាពខ្វះខាត រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

ការឧបត្ថម្ភថវិកានេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានជួបសំណេះសំណាល លើកទឹកចិត្តដល់យុវសិស្ស អន ផានិត។

ព្រមជាមួយគ្នានោះ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្មួយ អន ផានិត ថា «ទោះបីជាក្មួយមានជីវភាពក្រីក្រ មានឪពុកម្តាយជាជនមានពិការភាពក៏ដោយ ក៏ក្មួយមានឆន្ទៈ និងទឹកចិត្តតស៊ូ ក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងបាននិទ្ទេស (A)»

លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះសូមក្មួយ អន ផានិត ក៏ដូចជាយុវជនដទៃទៀត ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។

ជាកិច្ចឆ្លើយតប យុវសិស្ស អន ផានិត និងតំណាងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការរៀនសូត្របន្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕