(ព្រះវិហារ)៖ បើយើងមើលដីព្រៃ គឺធូរ ដោយសារស្លឹកឈើធ្លាក់មកពីលើជាប្រចាំវិលជុំរហូត តែបើមើលការធ្វើកសិកម្ម តាមទម្លាប់របស់កសិករ គឺបន្ទាប់ពីកាប់ឆ្ការហើយ គាត់អត់បានថែមកាកសំណល់ស្លឹកឈើវិញឱ្យដីទេ មានន័យថា គាត់កាត់ផ្តាច់សេវាកម្មអេកូឡូស៊ីរបស់ដី។​ នៅពេលដែលដីបាត់បង់សេវាកម្មអេកូឡូស៊ី យើងឃើញហើយពេលធ្វើកសិកម្មយូរទៅធ្វើឱ្យដីឡើង «ស» ហើយហាប់ណែន ទិន្នផលធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ គួបផ្សំនឹងបម្រែបម្រួលអាកាសធាតុទៀតនោះ គឺកាន់តែធ្វើឱ្យជះឥទ្ធិពលដល់ទិន្នផលរបស់ពួកគាត់។​

នេះគឺជាការពន្យល់របស់លោក រ៉ា ម៉ា មន្រ្តីបច្ចេកទេសផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍ នៃគម្រោង​វិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET) ដែលកំពុងពន្យល់ពីលក្ខណៈខុសគ្នារបស់ដីប្រភេទ គឺដីព្រៃ ដីដែលកសិករធ្វើកសិកម្មតាមទម្លាប់ធម្មតា និងដីដែលដាំដំណាំគម្របដី ដើម្បីស្តារគុណភាពដីឡើងវិញ។​

លោកបានឱ្យដឹងថា ជាទូទៅ​​បន្ទាប់ពីកសិករកាប់ឆ្ការដីព្រៃធ្វើស្រែ ឬចម្ការដំបូងៗ ទទួលបានទិន្នផលប្រមាណពី៤ ទៅ៥តោនក្នុងមួយហិកតា ប៉ុន្តែបន្ទាប់ធ្វើបានរយៈ១០ឆ្នាំ ទិន្នផលបានធ្លាក់ចុះជាបន្តបន្ទាប់ មកក្រោម ២តោន ដែលនេះគឺជាបញ្ហាប្រឈមរបស់កសិករ ដោយសារតែដីកាន់តែបាត់បង់គុណភាពទៅៗ។ ជាយន្តការក្នុងការស្តារគុណភាពដីឡើងវិញ ​ការដាំដំណាំគម្របដី គឺជាជម្រើសល្អបំផុត ព្រោះដំណាំទាំងនេះ នឹងដើរតួនាទី​ជំនួសគម្របព្រៃឈើ និងស្រូបយកសារធាតុអាសូត ដែលមាននៅក្នុងបរិយាសមកស្តុកទុកក្នុងដី​ ព្រមទាំងជាជីសម្រាប់ធ្វើឱ្យដំណាំលូតលាស់ល្អ។

លោកថា ការដាំដំណាំគម្របដី មិនចាំបាច់ត្រូវថែរក្សា ឬស្រោចទឹកនោះទេ ដោយសារតែដំណាំនេះ ​មានសមត្ថភាពលូតលាស់ ទោះបីជារដូវប្រាំងគ្មានទឹក ឬក្តៅហួតហែង ​ព្រោះវាមានឬសខ្លាំង ដែលអាចចាក់ចូលទៅក្នុងដីជម្រៅ ១ម៉ែត្រក្នុងរយៈពេលបីខែ និងអាចស្រូបយកទឹក និងសារធាតុចិញ្ចឹមដែលមាននៅក្នុងស្រទាប់ដីជ្រៅៗ មកស្តុកទុកនៅក្នុងដើម។ នៅពេលដល់រដូវធ្វើស្រែចម្ការ កសិករគ្រាន់តែកិនសម្លាប់ដើមវា នោះនឹងធ្វើឱ្យសារធាតុចិញ្ចឹមដែលដំណាំនេះបានស្រូបពីក្នុងដីជ្រៅៗ វិលមកស្រទាប់លើវិញ។

លោកបានលើកឡើងថា ជាទូទៅស្រូវអាចចាក់ឬសបានត្រឹមតែ១៥ ទៅ២០សង់ទីម៉ែត្រប៉ុណ្ណោះទៅក្នុងដី ហេតុនេះហើយ ស្រូវមិនអាចទាញយកសារធាតុចិញ្ចឹម ដែលនៅក្នុងស្រទាប់ដីជ្រៅបានទេ ពោលប្រសិនបើកសិករបន្តធ្វើស្រែតាមទម្លាប់ធម្មតា នោះមិនអាចប្រើប្រាស់សក្តានុពលដីឱ្យអស់លទ្ធភាពនោះទេ។

លោកពន្យល់បន្តថា «ជាទូទៅកសិករនៅទីនេះតែងតែធ្វើតាមទម្លាប់ គឺបន្ទាប់ពីច្រូតកាត់រួចគាត់បានទុកដីទំនេរចោល ប៉ុន្តែបច្ចេកទេសថ្មី គឺកសិអេកូឡូស៊ី បន្ទាប់ពីប្រមូលផលរួចគេណែនាំឱ្យកសិករបាចព្រោះដំណាំគម្របដី ហើយយើងអាចជ្រើសរើសដំណាំប្រភេទណា ដែលធន់នឹងលក្ខខណ្ឌក្សេត្របរិស្ថាន នៅក្នុងតំបន់ គឺយើងជ្រើសរើសពូជមកឱ្យសមស្របដី​ បាចនៅលើដីជំនួសឱ្យដូចគម្របព្រៃឈើ។ នៅពេលដីមានគម្របដូចព្រៃឈើ មានន័យថាវាជួយកាត់បន្ថយការរំហួតទឹក និងមួយទៀតកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ឬក៏ឧស្ម័នផ្ទះកញ្ចក់»

លោក ហេង ហួ កសិករនៅភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បានឱ្យដឹងថា រយៈពេលជាង៤ឆ្នាំហើយ គឺចាប់តាំងពីចុងឆ្នាំ២០១៩ ដែលលោកបានចាប់ផ្តើមដាំដំណាំគម្របដី ដើម្បីស្តារគុណភាព និងបង្កើនទិន្នផលស្រូវ។

លោកបានប្រាប់ពីភាពខុសគ្នាមុន និងក្រោយដាំដំណាំគម្របដីយ៉ាងដូច្នេះ «ពេលមិនទាន់បានដាំដំណាំគម្របដី ស្រូវរបស់ខ្ញុំមិនទាន់បានល្អដល់ប៉ុណ្ណេះទេ។ ពេលខ្ញុំដាំគម្របដីបានស្រូវខ្ញុំកើនឡើង (ទិន្នផលកើនឡើង) ហើយដីក៏ធូរទៀត។ កាលពីមិនទាន់ដាំ មួយហិកតាបានប្រហែលមួយតោន តែសព្វថ្ងៃនេះមួយហិកតាបានជិត៣តោន»

លោកបណ្ឌិត គង់ រ៉ាដា អ្នកជំនាញកសិអេកូឡូស៊ី និងជាអ្នកសម្របសម្រួលថ្នាក់ជាតិ នៃគម្រោង​វិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET) បានឱ្យដឹងថា ដំណាំគម្របដីមានច្រើនប្រភេទ ដូចជាពពួកសណ្តែក និងស្មៅ ហើយការប្រើប្រាស់វិញ គឺអាស្រ័យទៅលើប្រភេទនៃការដាំដុះដំណាំផ្សេងៗ។ ជាក់ស្តែងសម្រាប់ដំណាំស្រូវ ដំណាំគម្របដីដែលគេប្រើភាគច្រើន គឺស្ទីឡូ ចង្រ្កងស្វាស្លឹកតូច។

លោកបានឱ្យដឹងថា ក្រៅពីដំណាំស្រូវ កសិករដែលដំឡូងមី ឬស្វាយចន្ទី ក៏អាចដាំដំណាំគម្របដីបានផងដែរ។ លោក​លើកឡើងថា ដំឡូងមី គឺជាដំណាំមួយដែលស្រូប និងត្រូវការសារធាតុចិញ្ចឹមពីដីច្រើនបើធៀបនឹងដំណាំផ្សេងទៀត ហេតុនេះទើបធ្វើឱ្យគុណភាពដីចម្ការដំឡូងមី​ពីមួយឆ្នាំទៅមួយឆ្នាំងាយ​នឹងធ្លាក់ចុះ ហើយទិន្នផលក៏កាន់តែថយផងដែរ។

លោកពន្យល់ថា «ដោយសារតែដំណាំដំឡូងមីមានតម្លៃខ្ពស់ ធ្វើឱ្យកសិករដាំដំណាំនេះជារៀងរាល់ឆ្នាំ​​។ យើងដឹងថា ដំឡូមីត្រូវការប្រើប្រាស់សារធាតុចិញ្ចឹមពីក្នុងដីច្រើន ដោយសារដំឡូងមីជាដំណាំមើម។ ការដាំដំឡូងមីជារៀងរាល់ឆ្នាំសង្កេតឃើញថា ការលូតលាស់របស់ដំឡូងមី និងទិន្នផលចាប់ផ្តើមថយចុះ។ សម្រាប់​កសិករ ជាដំណោះស្រាយនៅពេល​ថយចុះទិន្នផលដំឡូងមី និងបាត់បងជីវជាតិ គឺគាត់ចាប់ផ្តើមបាញ់ថ្នាំបំប៉ន ឬចាប់ផ្តើមដាក់ជីគីមី។ អីចឹងសម្រាប់គម្រោង ASSET យើងបង្ហាញនិងលើកទឹកចិត្តឱ្យកសិករដាំដំណាំគម្របដីវិញ ដើម្បីធ្វើដីគាត់មានជីវជាតិឡើងវិញ»

លោកបន្តថា តាមរយៈការគាំទ្ររបស់គម្រោង ASSET គាំទ្រទៅដល់កសិករនៅស្រុករវៀងខេត្តព្រះវិហារ ការដាំដំណាំគម្របដីនេះ ក៏អាចនឹងក្លាយជាមុខរបរថ្មីមួយ សម្រាប់កសិករផងដែរ តាមរយៈការដាំដំណាំគម្រប់ដី ហើយប្រមូលផលគ្រាប់​យកទៅលក់។

បើតាមលោក គង់ រ៉ាដា បច្ចុប្បន្ននេះតម្លៃគ្រាប់ពូជដំណាំ​ស្ទីឡូ ដែលកសិករបានដាំ និងលក់ឱ្យសហគមន៍ ក្នុងមួយគីឡូក្រាមមានតម្លៃ២៥០០០រៀល។ ដោយឡែកសហគមន៍ ដែលបានយកទៅលក់បន្តមានតម្លៃ ៣២០០០រៀល ក្នុងមួយគីឡូក្រាម ខណៈនៅលើទីផ្សារ ដែលក្រុមហ៊ុនឯកជនបានដាក់លក់​មានតម្លៃ ៤០០០០ម៉ឺនរៀល។

អ្នកស្រី សំ ប៊ុនធឿន កសិករនៅស្រុករវៀង ខេត្តព្រះវិហារ ដែលបានដាំដំណាំគម្របដី ស្ទីឡូ នៅលើដី២៥អា រយៈពេល២ឆ្នាំ បានឱ្យដឹងថា កាលពីឆ្នាំមុន អ្នកស្រីប្រមូលផលគ្រាប់ដំណាំស្ទីឡូ​ប្រមាណ ២៣គីឡូក្រាម បានលក់ទៅឱ្យសហគមន៍ និងកសិករដទៃទៀត ទទួលបានថវិកាប្រមាណជាង៥០ម៉ឺនរៀល ដោយក្នុងមួយគីឡូមានតម្លៃ២៥០០០​រៀល។ ចំណែកដើមវាវិញ អ្នកស្រីបានយកទៅធ្វើជាជីដាក់ស្រែ។

កសិកររូបនេះបន្ថែមថា «​បន្ទាប់ពីដាំស្មៅស្ទីឡូនេះ ខ្ញុំបានទទួលបានផលប្រយោជន៍ ដីខ្ញុំក៏ល្អ ដើមវាក៏ខ្ញុំបានយកធ្វើជី គ្រាប់វាក៏ខ្ញុំបានលក់»

​បើតាមលោក គង់ រ៉ាដា ​ ដំណាំគម្របដី គឺជាដំណាំប្រកាន់រដូវ និងមានរយៈពេលវែង ដែលក្នុងមួយឆ្នាំដាំបានតែម្តងប៉ុណ្ណោះ ដែលជាទូទៅកសិករចាប់ផ្តើមដាំនៅអំឡុងខែឧសភា មិថុនា និងប្រមូលផលនៅអំឡុងខែធ្នូ៕