(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្ដាល និងលោកនូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដឹកនាំប្រារព្វនូវមីទ្ទិញអបអរសាទរអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតចូលរួមក្នុងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣)។

លោកគង់ សោភ័ណ្ឌ បានថ្លែងថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីវឌ្ឍនភាពសង្គម និងសុខុដុរមនារបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ៕