(កែប)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) បានប្រកាស និងប្រគល់ជ័យលាភី ចំណាត់ថ្នាក់ដល់ឆ្នេរ និងព្រែកដែលទទួលបានជ័យលាភី នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣។

ពិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប ដោយចូលរួមពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ, អភិបាលខេត្តកំពតលោក ម៉ៅ ធនិន ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំបណ្ដាខេត្តទាំង៤ ជាប់មាត់សមុទ្រ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ដើម្បីរក្សាធនធានតំបន់ឆ្នេរ និងទាកទាញទេសចរណ៍ឱ្យមកកម្សាន្តបានយ៉ាងច្រើនកុះករនោះ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរត្រូវឯកភាពគ្នា កំណត់គោលដៅ និងលើកទឹកចិត្តដល់ពលរដ្ឋ និងវិស័យឯកជនឱ្យរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ធនធានតំបន់ឆ្នេរ បានផ្តល់ប្រយោជន៍ច្រើន ដល់បងប្អូនប្រជានេសាទ ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ទន្ទឹមនឹងនោះ ការរៀបចំតំបន់ឆ្នេរសម្រាប់ទាក់ទាញទេសចរ ក៏បានរកប្រាក់ចំណូលជាច្រើនដល់ពលរដ្ឋផងដែរ។ វិស័យឧស្សាហកម្មគ្មានផ្សេងនៅខេត្តតំបន់មានសក្តានុពលខ្លាំង ជួយជំរុញដល់ការនាំចេញផលិតផលកសិកម្មនៅនឹងកន្លែង។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ  អាជ្ញាធរខេត្តជាប់មាត់សមុទ្រទាំងបួន ត្រូវសហការគ្នា ណែនាំអប់រំផ្សព្វផ្សាយ អំពីសារប្រយោជន៍ នៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅតាមតំបន់ឆ្នេរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ធនធានធម្មជាតិតំបន់ឆ្នេរផង និងផ្សាព្វផ្សាយសក្តានុពលទៅទេសចរជុំវិញពិភពលោកផង។

ក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជាបានដាក់ពាក្យឆ្នេរបេក្ខភាពចំនួន៣០ឆ្នេរ ព្រែកបេក្ខភាពចំនួន៣២ព្រែក ដើម្បីចូលរួមការប្រឡងប្រណាំង ក្នុងនោះ ខេត្តកែបមានបេក្ខភាព ៣ឆ្នេរ និង ២ព្រែក។ លទ្ធផលឆ្នេរជ័យលាភីចំនួន៣ រួមមាន៖

*ទី១៖ ឆ្នេរថ្ងៃបាំងឆ័ត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប «កម្រិតល្អណាស់»
*ទី២៖ ឆ្នេរអង្គោល ស្ថិតនៅក្នុងឃុំអង្គោល ស្រុកដំណាក់ចង្អើរ «កម្រិតមធ្យម»
*និងទី៣៖ ឆ្នេរដើមបើស ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប «កម្រិតមធ្យម»។ 

ព្រែកជ័យលាភីចំនួន២ រូបមានទី១៖ ព្រែកអង្កោល ក្នុងឃុំអង្គោល ស្រុកដំណាក់ចង្អើរ «ល្អបង្គួរ», ទី២៖ ព្រែកកោងកាងអូរក្រសារស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប «មធ្យម»