(កំពង់ឆ្នាំង)៖ បុរសម្នាក់ជាអតីតយោធា និងជាមេគ្រួសារដែលមានជីវភាពក្រលំបាក ព្រមទាំងមានជំងឺប្រចាំកាយ ហើយត្រូវទទួលខុសត្រូវចិញ្ចឹមកូនតូចចំនួន៤នាក់ ក្នុងបន្ទុកនោះក៏មានទាយិកាម្នាក់ផង ទើបតែមានអាយុ ជាងមួយខែ ដែលត្រូវការទឹកដោះគោសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ព្រោះតែម្ដាយបានស្លាប់ចោលរយៈពេលជាង១០ថ្ងៃ។

គ្រួសារខាងលើនេះមានទីលំនៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ លោក ម៉ៅ សុខន អាយុ៥៨ឆ្នាំ បានរៀបរាប់ថា លោកជាអតីតយោធាម្នាក់បម្រើការនៅក្នុងវរ៥០ ឈរជើងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តែត្រូវបានអង្គភាពរំសាយជាច្រើនឆ្នាំមកហើយ។ ម្យ៉ាងលោកពិការដោយសាររងរបួសជាច្រើនកន្លែងសម័យតស៊ូក្នុងសង្គ្រាមដែលធ្វើឱ្យសុខភាពរបស់គាត់មិនប្រក្រតីដោយឧស្សាហ៍មានបញ្ហាតេតាណុះជាញឹកញាប់ផងដែរ។

លោកបានបន្តថា ខ្ទមតូចដែលគាត់សង់រស់នៅសព្វថ្ងៃនេះ គឺជាដីចំណីផ្លូវរបស់រដ្ឋនោះទេ ហើយបច្ចុប្បន្នគាត់មាន មុខរបរធ្វើជាកម្មករសំណង់ ដោយរកបានប្រាក់កម្រៃពលកម្មក្នុង១ថ្ងៃពី ២ម៉ឺនប្រាំពាន់ ទៅ៣ម៉ឺនរៀល តែការងារធ្វើសំណង់នេះក៏មិនមានធ្វើរាល់ថ្ងៃនោះដែរ នៅពេលដែលមិនមានការងារសំណង់ធ្វើរូបគាត់បានទៅដើររកបេះផ្កាឈូកយកមកលក់ដោយបានប្រាក់ក្នុងមួយថ្ងៃជាង២ម៉ឺនរៀល។

ចំណែកប្រាក់ដែលបានមកទាំងអស់នេះ ត្រូវបែងចែកមួយចំនួនយកមកទិញអង្ករ និងម្ហូប និងមួយចំនួនទៀតទិញទឹកដោះគោសម្រាប់បំបៅកូនតូច និងមួយចំនួនទៀតទិញថ្នាំសម្រាប់ខ្លួនឯង នៅពេលដែលជំងឺតេតាណុះ ធ្វើទុកខ្លាំងម្តងៗ និងមានថ្ងៃខ្លះគាត់រកប្រាក់មិនបាន គឺបានបងប្អូនអ្នកជិតខាងជួយឧបត្ថម្ភដូចជាអង្ករ និងម្ហូបអាហារជាដើម។

ចំពោះស្ថានភាពគ្រួសាររបស់គាត់សព្វថ្ងៃនេះវិញ គឺគាត់មកយកប្រពន្ធក្រោយនេះគីជាស្ត្រីមេម៉ាយមានកូនប្រុសស្រី៣នាក់ ដែលត្រូវបានប្ដីស្លាប់ចោល នៅពេលបានមកចាប់ដៃគ្នាជាប្ដីប្រពន្ធជាមួយគាត់ គឺបន្សល់ចំណងដៃ កូនប្រុសតូចម្នាក់នេះដែលទើបតែកើតមានអាយុ១ ខែ២០ថ្ងៃ ក៏ត្រូវម្តាយស្លាប់ចោលទៀត។

ដោយឡែកកូនប្ដីរបស់គាត់មុនទាំង៣នាក់ គឺស្រី២នាក់ កូនស្រីច្បងមានអាយុ ១១ឆ្នាំ និងកូនប្រុសពៅ ទើបតែមានអាយុ៣ខួបតែប៉ុណ្ណោះ។​ ទាំងកូនរបស់គាត់ និងកូនរបស់ប្ដីមុនគឺគាត់ទទួលភារៈក្នុងការចិញ្ចឹមបីបាច់ថែរក្សាដូចជា កូនរបស់គាត់បង្កើតអញ្ចឹងដែរ។

បើទោះជាគាត់មិនមានលទ្ធភាពធ្វើឱ្យជីវភាពប្រសើរដូចគេដូចឯង ក៏គាត់នៅតែតស៊ូចិញ្ចឹមពួកគេទាំងអស់នេះទៅតាមលទ្ធភាព លុះត្រាណាតែរូបគាត់ធ្លាក់ខ្លួនឈឺដេកដួលនៅនឹងកន្ទេលដែលមិនអាចរកស៊ីចិញ្ចឹមពួកគេបាន ឬក៏រូបគាត់ត្រូវអស់អាយុសង្ខារទៅ គឺមានតែពឹងទៅលើថ្នាក់ដឹកនាំទេ ដែលអាចចាត់ចែងវាសនារបស់ពួកគេបន្តពីរូបគាត់។

សព្វថ្ងៃនេះគឺគាត់ខិតខំតស៊ូធ្វើការទាំងខ្លួនឈឺក៏មិនហ៊ានឈប់នោះទេ ដើម្បីរកប្រាក់មកចិញ្ចឹមពួកគេទាំង៤នាក់ អ្វីដែលសំខាន់នោះគឺកូនតូចរបស់គាត់ដែលទើបតែកើតដែលមានអាយុត្រឹម តែ១ខែ២០ថ្ងៃ គឺគេត្រូវការបៅទឹកដោះ គោជា ប្រចាំ ចំពោះទឹកដោះគោក្នុងមួយកំប៉ុងតម្លៃ (២ម៉ឺនប្រាំបីពាន់រៀល) បៅបានតែ៣ថ្ងៃទេ។

មួយរយៈនេះលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានជួយឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀលសម្រាប់ទិញទឹកដោះគោ និងគ្រឿងឧបភោគ បរិភោគមួយចំនួន និងសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ក៏បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១០ម៉ឺនរៀល ដើម្បីជួយសម្រាលក្នុងជីវភាពរបស់គ្រួសារគាត់បានជាច្រើនថ្ងៃផងដែរ។

បុរសកម្សត់រូនេះ បានទទូចសុំក្តីមេត្តាករុណាពីថ្នាក់ដឹកនាំ និងសប្បុរសជនដែលលោកមានចិត្តសប្បុរសធម៌ សូមលោកមេត្តាជួយឧបត្ថម្ភជាវិកាបន្តិចបន្តួចតាមសទ្ធា ដើម្បីយកមកទិញទឹកដោះគោសម្រាប់ចិញ្ចឹមកូនតូច របស់គាត់ទម្រាំតែគេអាចបៅទឹកបបរបាន ដោយសារតែរូបគាត់មិនមានលទ្ធភាពរកប្រាក់បានច្រើនសម្រាប់ដោះ ស្រាយជីវភាពផង និងទិញទឹកដោះគោឱ្យកូនផង ហេតុនេះមានតែលើកដៃសំពះស្នើសុំក្តីមេត្តាពីថ្នាក់ដឹកនាំ និងសប្បុរសជនទេដែលលោកអាចជួយដោះស្រាយសម្រាលបន្ទុកដ៏ធ្ងន់នេះចំពោះគ្រួសាររបស់គាត់បាន ថ្នាក់ដឹកនាំនិងសប្បុរសជនអាចជួយគ្រួសារខាងលើនេះ តាមរយៈលេខទូរស័ព្ទរបស់លោកមេភូមិទី៦ ដូចខាងក្រោមនេះ ០៨៨ ៩៧២ ៤៩ ៧២៕