(សៀមរាប)៖ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ តំណាងឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានអញ្ជើញបើកបវេសមកាលឆ្នាំ២០២៣-២០២៤ នៅវិទ្យាល័យហ៊ុនសែន សៀមរាប ស្ថិតក្នុងសង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិក្សានុសិស្ស ជាថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី របស់សិស្សានុសិស្សដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។

លោក មុំ សុផាន់ណា នាយកវិទ្យាល័យ និងក្នុងនាមគណៈគ្រប់គ្រងសាលាបានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវអនុសាសន៍ដែលជាវិធានការគន្លឹះ ក្នុងគោលដៅ «លើកកម្ពស់ គុណភាពអប់រំ» ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀន ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈវិធានការគន្លឺះចំនួន៤គឺទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា និងទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»

លោក សឹង្ហ សំរឹទ្ធិ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មី ២០២៣-២០២៤ ជូនដល់គណៈគ្រប់គ្រង លោកគ្រូអ្នគ្រូនិងក្មួយៗសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនសៀមរាប ដែលក្នុងសារលិខិតបានបញ្ជាក់ថា៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់ គុណភាពអប់រំ» ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

ក្នុងនាមអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន សៀមរាប, លោក សឹង្ហ សំរឹទ្ធិ បានឧបត្ថម្ភកុំព្យូទ័រលើតុមួយឈុត និងម៉ាស៊ីនព្រីន១គ្រឿង ដល់ទីចាត់ការសាលា និងឧបត្ថម្ភសំលៀកបំពាក់កីឡា ១ឈុតសម្រាប់កីឡាសិស្ស២៥នាក់ ព្រមទាំងបានឧបត្ថម្ភជូនដល់សិស្សប្រជាប់និទ្ទេស A ចំនួន៤នាក់ នូវថវិកាម្នាក់ៗចំនួន៤០ម៉ឺនរៀល។

លើសពីនេះ គ្រឹះស្ថានសិក្សាឯកជនចំនួន៣ បានផ្តល់ជូនតាមរយៈលោក សឹង្ហ សំរឹទ្ធិ នូវអាហារូបករណ៍១០០% ចំនួន១៥០កន្លែង សម្រាប់សិស្សវិទ្យាល័យនេះដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ក្នុងនោះអាហារូបករណ៍១០០% និងកន្លែងស្នាក់នៅ សម្រាប់និស្សិត៥០នាក់ របស់សកលវិទ្យាល័យព្រះសីហនុរាជា នៅរាជធានីភ្នំពេញ។ សកលវិទ្យាល័យជំនាន់ថ្មី អាហារូបករណ៍១០០% រួមទាំងទីកន្លែងស្នាក់នៅ សម្រាប់និស្សិត៥០នាក់ និងសកលវិទ្យាល័យឥន្ទ្រវិជ្ជាផ្តល់ជូនអាហារូបករណ៍១០០% ដល់និស្សិតចំនួន៥០នាក់ផងដែរ៕