(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩២ ប្រវែងប្រវែង៨៨,៣៣គីឡូម៉ែត្រ ពី​ព្រំប្រទល់ខេត្តស្ទឹងត្រែងដល់បន្ទាយស្រមោច​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងទៅ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះថា កំណាត់ផ្លូវជាតិលេខ៩២នេះ គឺជាប្រភេទផ្លូវក្រាលល្បាយថ្ម ជាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនយ៉ាងសំខាន់របស់កងទ័ព និងជាផ្លូវទេសចរណ៍ធម្មជាតិ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ជាប់ព្រំដែនឡាវ ទៅបន្ទាយស្រមោច ស្រុកជាំក្សាន្ត និងហួសទៅកាន់ប្រាសាទព្រះវិហារ។ ផ្លូវនេះក៏ជាផ្លូវសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការដឹកជញ្ជូនទំនិញ កសិផលទៅកាន់ទីផ្សារច្រកព្រំដែនថៃក្នុងស្រុកជាំក្សាន្ត និងច្រកព្រំដែនឡាវក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប។

លោកប្រធានមន្ទីរបានបន្តទៀតថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៩២ឡើងវិញនាពេលនេះ គឺក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្តព្រះវិហារបានថែមដីល្បាយថ្ម ដោយធ្វើការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់។

លោក សំ លាងទ្រី បានថ្លែងទៀតថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរមិនឱ្យមានគ្រលុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកថា រហូតមកដល់ថ្ងៃនេះ មន្ទីរបានធ្វើការជួសជុល ថែទាំផ្លូវខូចខាតដោយជំនន់ទឹកភ្លៀងរួចរាល់១០០%បានជាច្រើនខ្សែ និងផ្លូវខ្លះទៀតកំពុងដំណើរការជួសជុលនឹងរួចរាល់១០០%នៅពេលដ៏ខ្លីខាងមុខនេះ។

លោក សំ លាងទ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវថ្នល់ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ការចាក់ដីខ្ពស់ជាងផ្លូវ ចាក់ដីលុបលូ ប្រឡាយតាមដងផ្លូវ កុំយកដីចំណីផ្លូវធ្វើអាជីវកម្មគ្រប់ប្រភេទ និងមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់ដែលច្បាប់បានកំណត់ជាដាច់ខាត ពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕