(កែប)៖ ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃហើយ ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ ប៉ុន្តែនៅសល់១ថ្ងៃទៀតដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចបន្តការទស្សនាកម្សាន្តរបស់ខ្លួន ខណៈពិធីបិទបុណ្យសមុទ្រនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះហើយ។

គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណងនៃពិធិបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។

ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រកម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ចំពោះកម្មវិធីនានាក្នុងពិធីបុណ្យសមុទ្រ រួមមាន៖ ការរៀបចំសិក្ខាសាលា ការដាំដើមឈើ ការប្រារព្ធពិធីបើកជាផ្លូវការនូវពិធីបុណ្យសមុទ្រ។ រីឯសកម្មភាពសម្រាប់ការទស្សនាកម្សាន្តសំខាន់ៗ មានការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ការបង្ហាញសមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនិងអន្តរជាតិ សកម្មភាពកីឡាលើទឹក លើឆ្នេរ រត់ប្រណាំង និងជិះកង់ ក៏មានដែរនូវការរៀបចំឱ្យមានសួនខ្លែងជ្រោយសមុទ្រ ទីឋានមនោរម្យ (បញ្ចាំងភាពយន្ត) ក្រុងកែបសិប្បនិមិ្មត (បង្ហោះគោម) ទស្សនីយភាពសិល្បៈ (ក្រុមសិល្បករ សិល្បការិនីជាតិនិងអន្តរជាតិ ចិន ឥណ្ឌា និងវៀតណាមសរុប៣៣០នាក់)។

ពិធីកាត់ខ្សែបូរបើកពិធីជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ អង្គទូតអន្តរជាតិប្រចាំកម្ពុជា អង្គការជាតិ-អន្តរជាតិ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ផ្នែកឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីរាជការ និងសមត្ថកិច្ចខេត្តកែប សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម ភ្ញៀវទេសចរអន្តរជាតិ និងមហាជនសរុបទាំងអស់៣០០០នាក់៕