(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខេត្តត្បូងឃ្មុំ បានប្រារព្ធមិទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ធ្នូ ឆ្នាំ១៩៧៨-០២ធ្នូ ឆ្នាំ២០២៣) ក្រោមអធិបតីភាព លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តត្បូងឃ្មុំ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អនុប្រធានគណៈកម្មាធិការ និងជាអភិបាលខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបចំនួន៦៥០អង្គ/នាក់ តំណាងពលរដ្ឋនៅទូទាំងខេត្ត។

នាឱកាសនោះ លោក ស៊ាក ឡេង បានអាននូវសុន្ទរកថា របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនអង្គពិធីទាំងមូលបានជ្រាប ។ ក្នុងអត្ថន័យស្តែងឱ្យឃើញពីគុណបំណាច់នៃស្មារតីជាប្រវត្តិសាស្រ្ត នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា បានជំរុញឱ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានោះ លោក ស៊ាក ឡេង និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងមានវត្តមានក្នុងអង្គពិអី តំណាងឲ្យពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានធ្វើការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះសុន្ទរកថារបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងចងចាំជានិច្ចថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នមានឈ្មោះថា«រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលបានដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត គឺជាបុព្វការីដ៏មានគុណបំផុត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

ក្នុងឳកាសប្រារព្ធពិធីដ៏មានសារៈសំខាន់ ពោរពេញដោយអត្ថន័យនេះ លោក ស៊ាក ឡេង និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញចំណាប់អារម្មណ៍ចំពោះមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃចាប់ផ្តើមដំបូង នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ ធ្វើការរំដោះប្រទេសជាតិកម្ពុជាចេញរួចផុតរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។ រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យរួចចាកផុត ចេញពីរបបខ្មៅងងឹតយង់ឃ្នង ប៉ុណ្ណោះទេ ថែមបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ៕