(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក Biden បានចេញការព្រមានជាបន្ទាន់មួយទៅកាន់សភាកាលពីថ្ងៃចន្ទ (ទី៤ ខែធ្នូ) ថា សភាត្រូវការអនុម័តជំនួយយោធា និងសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារភ្លាមៗសម្រាប់អ៊ុយក្រែន ដោយលើកឡើងថា ប្រសិនបើគ្មានការយល់ព្រមទេ កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគៀវដើម្បីការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីអាចនឹងបរាជ័យទាំងស្រង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានការិយាល័យគ្រប់គ្រង និងថវិកា លោកស្រី Shalanda Young បានព្រមាននៅក្នុងលិខិតចំហមួយ ទៅកាន់មេដឹកនាំនៃសភា និងព្រឹទ្ធសភាថា សហរដ្ឋអាមេរិកនឹងអស់ថវិកាដើម្បីបញ្ជូនសព្វាវុធ និងជំនួយទៅឱ្យអ៊ុយក្រែននៅចុងឆ្នាំនេះ ដោយនិយាយថា វានឹងនាំមកនូវការបរាជ័យសម្រាប់អ៊ុយក្រែនក្នុងសមរភូមិ។

លោកស្រី​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​បាន​អស់​ថវិកា​ដែល​បាន​ប្រើ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អ៊ុយក្រែន​ហើយ​ «ប្រសិនបើ​សេដ្ឋកិច្ច​អ៊ុយក្រែន​ដួលរលំ​ ពួកគេ​នឹង​មិន​អាច​បន្ត​ការ​ប្រយុទ្ធ ហើយ​​នឹងត្រូវបញ្ឈប់​​ទាំង​ស្រុង​»

លោក​ស្រី Young បានសរសេរយ៉ាងដូច្នេះថា «យើងជិតអស់ថវិការដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធហើយ។ នេះមិនមែនជាបញ្ហានៅឆ្នាំក្រោយទេ។ ពេល​វេលា​ដើម្បី​ជួយ​ប្រជាធិបតេយ្យ​អ៊ុយក្រែន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​គឺ​នៅ​ពេល​នេះឯង។ ដល់​ពេល​ដែល​សភា​ត្រូវ​ធ្វើសកម្មភាពហើយ»

គួរបញ្ជាក់ថា លោក Biden បានស្វែងរកកញ្ចប់ជំនួយជិត ១០៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតម្រូវការផ្សេងទៀត ប៉ុន្តែបានជួបការលំបាកនៅវិមាន Capitol Hill ដោយមានការសង្ស័យកាន់តែខ្លាំងឡើង អំពីទំហំជំនួយដល់អ៊ុយក្រែន សូម្បីតែក្នុងចំណោមគណបក្សសាធារណរដ្ឋដែលគាំទ្រការផ្តល់មូលនិធិនេះ ក៏បានបង្ហាញការសង្ស័យអំពីផែនការផងដែរ។

ទន្ទឹមនឹងនេះ សភាតំណាងរាស្រ្ដដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តកញ្ចប់ជំនួយដាច់ដោយឡែកមួយសម្រាប់អ៊ីស្រាអែល ដែលកំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ខណៈដែលសេតវិមានបានសង្កត់ធ្ងន់លើតម្រូវការដើម្បីបំពេញតាមអាទិភាពទាំងអស់៕

រូបភាពពី Reuters