(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានប្រកាសអោយដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួងព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាក្នុងពេលកន្លងទៅ ។

ការប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ នេះធ្វើឡើងក្នុងឱកាស រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដល់មន្រ្តីក្រសួងជាង ៤០ នាក់ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ។

ការបើកមណ្ឌលបណ្តុះបណ្តាលនេះ ត្រូវបានលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន វាយតំលៃថា ជាការរៀបចំនូវការងារបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អ្នកបន្តវេន នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ជាការពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៍សារព័ត៌មាននៅកម្ពុជា ។

សម្រាប់ជំហានដំបូង មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ ធ្វើការបណ្តុះបណ្តាលផ្ទៃក្នុងក្រសួងព័ត៌មាន និងបើកចំហរដល់សមាគម និងអ្នកសារព័ត៌មាន ដែលមានការចាប់អារម្មណ៍ក្នុងការបណ្តុះបណ្តាលអាចមកសិក្សាបាន ព្រោះកន្លែងបណ្តុះបណ្តាលដែលក្រសួងព័ត៌មាន រៀបចំឡើងនេះ មានការរំពឹងទុកថា នឹងដើរតូនាទីសំខាន់ក្នុងការពង្រឹងគុណភាពព័ត៌មាន និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន បានតែល្អប្រសើរបន្ថែមទៀត ។

លោកបានបញ្ជាក់ថា ដំណើរការងាររបស់ក្រសួងព័ត៌មាន ទាំងមូលអាចទៅមុខបានអាស្រ័យលើធនធានមនុស្សមានចំនួនច្រើន ព្រោះជាកត្តាសំខាន់ និងស្លាប់រស់របស់ក្រសួង ស្ថាប័នរបស់យើង ។ យើងមានផែនការល្អ មានគោលនយោបាយល្អ មានសំភារៈប្រើប្រាស់ ប៉ុន្តែបើគ្មានធនធានមនុស្ស ក៏មិនអាចដំណើរការទៅមុខបានល្អនោះដែរ ។

ដូច្នេះហើយ ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការឡើងវិញនូវ មណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ ដែលមានសារៈសំខាន់ក្នុងការដើរតូនាទីធ្វើអោយមានធនធានមនុស្សសម្រាប់វិស័យព័ត៌មាន នៅកម្ពុជា ។

ការដាក់អោយដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន នេះគឺក្នុងទិសដៅសំខាន់នៃការកសាងធនធានមនុស្សនៅក្នុងវិស័យព័ត៌មាន ហើយមិនត្រឹមតែក្នុងក្របខណ្ឌរបស់ក្រសួងព័ត៌មាន ប៉ុណ្ណោះនោះទេ គឺសម្រាប់វិស័យព័ត៌មានទាំងមូលតែម្តង ព្រោះជាចក្ខុវិស័យទៅមុខគឺធ្វើយ៉ាងមិចអោយសារព័ត៌មាននៅកម្ពុជា មានគុណភាព ។

នៅក្នុងក្របខណ្ឌការងារគឺត្រូវការ ធានានូវជំនាញ រក្សានូវចំណេះធ្វើ ទេពកោសល្យរបស់មន្រ្តីពីជំនាន់មួយ ទៅជំនាន់មួយ តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិក្រឹត្យការសារព័ត៌មាន ។ កិច្ចការងារ និងផែនការដែលលោករដ្ឋមន្រ្តី បានដាក់ចេញគឺចង់ឃើញក្រសួងព័ត៌មាន ដំណើរការទៅមុខដោយស្វាហាប់ មានធនធានមនុស្សដែលសំបូរបែប នៅក្នុងក្របខណ្ឌជំនាញរបស់ខ្លួន ។ ទន្ទឹមនេះ ក៏គិតគូរក្រុមបន្តវេន បើមិនរៀបចំទេ នឹងមានបញ្ហានៅពេលខាងមុខ ព្រោះថា នៅក្នុង១ ឆ្នាំៗ មន្រ្តីក្រសួងព័ត៌មាន មិនតិចជាង ៣០ ទៅ ៤០ នាក់ត្រូវចូលនិវត្តន៍ ដែលអ្នកមានភាពចាស់ទុំក្នុងកិច្ចការងារ និងមានបទពិសោធន៍ ។

ការគិតគូរនេះ ជាការធានានូវនិរន្តរ៍ភាពនៃក្រសួងព័ត៌មាន នឹងបង្កើនសមត្ថភាពមន្រ្តី ដើម្បីអ្នកបន្តវេនដែលមានចំណេះ និងជំនាញច្បាស់លាស់ ។

លោក នេត្រ ភក្ត្រា បានធ្វើបញ្ជាក់ថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ នៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលនេះ នៅពេលនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើប ដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះប្រជាពលរដ្ឋ មានជម្រើសផ្សេងក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។

តែទោះជាយ៉ាងណាប្រពន្ធ័ផ្សព្វផ្សាយបុរាណរបស់ជាតិ មានវិទ្យុ និងទូរទស្សន៍ ចាំបាច់ត្រូវតម្រង់ទិសទៅលើការផលិតខ្លឹមសារ និងបច្ចេកទេស ហើយចាំបាច់បំផុតត្រូវយល់ពីតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋជាអ្វី ? ដើម្បីទាក់ទាញអ្នកមើល និងអ្នកស្តាប់ គឺត្រូវបន្សាំទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម ដែលប្រជាជនប្រើប្រាស់ច្រើនគឺ Facebook និង TikTok ។

ជាមួយគ្នានេះអ្វីដែលយើងត្រូវសម្លឹងទៅមុខ គឺការកើនឡើងនៃបច្ចេកវិទ្យាព័ត៌មាន និងការវិវត្តន៍នៃប្រពន្ធ័ផ្សព្វផ្សាយពីប្រពន្ធ័ អាណាឡូក ទៅ ឌីជីថល ពី ឌីជីថល ទៅប្រពន្ធ័ AI ដែលយើងស្ថិតនៅដំណាក់កាលដែលមិនទាន់ចាប់ផ្តើមនៅក្នុងការចាប់ផ្តើមនៅឡើយនោះទេ ប៉ុន្តែគេបានប្រើប្រពន្ធ័ AI នេះបានមួយជំហាននៅក្នុងកិច្ចការងាររួចស្រាច់ទៅហើយ ។ នៅក្នុងក្របខណ្ឌនៃការគ្រប់គ្រងសន្តិសុខជាតិ និងការគ្រប់គ្រងនូវសន្តិសុខព័ត៌មាន គឺមិនអាចកាត់ផ្តាច់ចេញពីប្រពន្ធ័ AI បានទេ ។

លោក ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាល បានធ្វើរបាយការណ៍ជម្រាបជូនថា ថ្ងៃនេះ គឺជាថ្ងៃបើកដំណើរការមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារ ព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន ឡើងវិញក្នុងគោលបំណងថែរក្សាស្ថេរភាពធនធានមនុស្ស និងនិរន្តរភាព របស់ក្រសួងព័ត៌មាន ស្របតាមគោលនយោបាយបញ្ជាក់កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលអាណត្តទី៧ នេះផងដែរ។

ការបើកមណ្ឌលបណ្តុះបណ្តាលនេះឡើងវិញ គឺមានគោលដៅប្រែក្លាយអោយក្លាយទៅជាវិទ្យាស្ថានជាតិទំនាក់ទំនងសាធារណៈ ថែមទៀតនៅពេលអនាគត។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ រសៀល និងមានវាគ្មិនដែលជាឥស្សរជនជាន់ខ្ពស់ ចំនួន ៤ រូប មកធ្វើបទបង្ហាញទូទៅនៃសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលផ្តោតទៅលើ៖
- ប្រភេទប្រព័ន្ធផ្សព្វផ្សាយ (Media)
- ប្រភេទដំណឹង (News)
- ការចាប់មុមសរសេរព័ត៌មាន
- តួនាទី, ភារកិច្ច និងការទទួលខុសត្រូវជារួមរបស់អ្នកសារព័ត៌មាន
-ទម្រង់ដំណឹងទាន់ហេតុការណ៍
- ការត្រួតពិនិត្យមុនការផ្សាយ
-ច្បាប់ និងក្រមសីលធម៌សារព័ត៌មាន ៕