(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងផ្តល់វឌ្ឍនភាពព័ត៌មានអំពីដំណើរការរៀបចំ និងនីតិវិធីឆ្ពោះទៅកាន់ថ្ងៃប្រឡងជូនដល់បេក្ខជន និងសាធារណជន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយ និងការទទួលពាក្យសុំចូលប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ សម្រាប់ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា​មានបេក្ខជនដាក់ពាក្យចូលរួមមានចំនួន ១២ ៧៤៤នាក់ ហើយអ្នកដែលបានបំពេញបែបបទ និងគ្រប់លក្ខខណ្ឌ ដែលបានវាយតម្លៃត្រឹមត្រូវ អាចចូលរួមប្រឡងប្រជែងបានមានចំនួន ៣៣២៩នាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បេក្ខជនទាំង ៣៣២៩នាក់នេះ បានបង់ប្រាក់តម្កល់រួចរាល់អស់ហើយ និងត្រៀមប្រឡងប្រជែង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នានោះ លោក ឌិត ទីណា បានអះអាងថា មន្ដ្រីកសិកម្មឃុំ ដែលត្រៀមនឹងប្រឡងជ្រើសរើសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានអត្ថប្រយោជន៍ និងប្រាក់បៀវត្ស៍ ដូចគ្រូបង្រៀនតំបន់ ពោលគឺអនុវត្តស្ដង់ដារតែមួយដូចដែលមានកំណត់ក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។

មន្ដ្រីកសិកម្ម ដែលត្រៀមខ្លួនប្រឡងនេះ ចូលក្នុងក្របខ័ណ្ឌ «ក», «ខ», «គ» នៅពេលប្រឡងរួចក្នុងដំណាក់កាលមួយឆ្នាំ នៃការធ្វើកម្មសិក្សាតាមអ្វីដែលឃុំគោលដៅ ក្នុងនោះមន្ដ្រីកសិកម្ម ទទួលបានប្រាក់បៀវត្ស៍ទាបបំផុត ១លាន៤សែនរៀល តាមប្រភេទនៃក្របខ័ណ្ឌ និងបូកជាមួយប្រាក់ឧបត្ថម្ភប្រចាំខែចំនួន១៦០,០០០រៀល ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ដ្រីរាជការស៉ីវិល។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖