(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញត្រូវបានដាក់ឱ្យអនុវត្តន៍អស់ហើយ ក្នុងរយៈពេលត្រឹមជាង៣ខែ ការដាក់ចេញនេះដើម្បីធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ការឱ្យដឹងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិ ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ កម្មវិធីយើងបានជួយប្រជាពលរដ្ឋជាច្រើនមុខព្រួញជាពិសេសឆ្លើយតបទៅនឹងសម្ពាធ និងបាតុភាពដែលកើតឡើងដូចជាជំងឺកូវីដ១៩ បញ្ហាគ្រោះទឹកជំនន់ បញ្ហាសម្ពាធអតិផរណា និងបញ្ហាផ្សេងៗដែលកើតឡើង។ សម្រាប់កិច្ចការងារនេះ គឺរាជរដ្ឋាភិបាលនៅបន្ត ហើយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បន្តគោលការណ៍ធ្វើយ៉ាងណាប្រព័ន្ធការពារសង្គមដែលផ្តល់ជូនប្រជាពលរដ្ឋត្រូវតែបន្តពង្រឹង ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានប្រសិទ្ធភាព និងការដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលត្រូវការជំនួយសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អាទិភាពគោលនយោបាយ៦ ដែលយើងដាក់ថ្ងៃនេះ អាទិភាពទី៣ ដែលដាក់ប្រកាសនៅថ្ងៃនេះក៏ជាការប្រកាសចុងក្រោយនៅក្នុងអាទិភាពគន្លឹះ៦ នយោបាយ៦ និងវិធានគន្លឹះ៥ ដែលរៀបចំនៅក្នុងគោលការណ៍ដើម្បីជំរុញនូវផលប្រយោជន៍ប្រជាពលរដ្ឋ ការធានានូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារជាពិសេសរក្សា ធានានូវសមធម៌ ជាពិសេសត្រូវអន្តរាគមន៍ផ្ទាល់ចំពោះអ្នកដែលចាំបាច់ នៅក្នុងគ្រប់រូបភាពទាំងអស់...!»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជួយដល់វិស័យឯកជន ជួយដល់មន្ត្រីរាជការ កម្មករ កម្មការិនី នយោជិត កសិករ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ថ្ងៃនេះរាជរដ្ឋាភិបាល បានដាក់ចេញគោលជាតិគាំពារសង្គមជាក់លាក់ដើម្បីអនុវត្តនូវគោលនយោបាយ ប្រព័ន្ធគាំពារសង្គម ដើម្បីធ្វើយ៉ាងណាឆ្លើយតបបន្ទាន់នឹងស្ថានភាពប្រែប្រួល សម្រាប់គោលនយោបាយជាតិគាំពារសង្គមដែលដាក់ឱ្យអនុវត្តន៍ គឺជាការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាពរយៈពេលវែង ដោយក្នុងនោះរាជរដ្ឋាភិបាលបានចេញជាយន្តកាលច្រើនមកហើយដូចជាក្រុមប្រឹក្សាជាតិគាំពារសង្គម និយ័តកម្មសន្តិសុខសង្គម ប.ស.ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «អញ្ចឹងការប្រកាសចេញនូវកម្មវិធីគោលនយោបាយ និងកម្មវិធីដែលអនុវត្តន៍នូវឯកសារពីរ ដែលយើងគ្រោងនឹងប្រកាសអនុវត្តន៍នៅថ្ងៃនេះ គឺជាធាតុផ្សំយ៉ាងសំខាន់នៅក្នុងគោលនយោបាយអាទិភាព ការធ្វើស្ថាប័ននូបនីយកម្ម និងការពង្រឹងប្រព័ន្ធរបស់យើងឱ្យបានយូរអង្វែង ដើម្បីធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជួយតិច ឬច្រើន គឺរាជរដ្ឋាភិបាលត្រូវតែជួយតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋចោលនោះឡើយ ហើយលទ្ធភាពរាជរដ្ឋាភិបាលនឹងធ្វើទៅអ្វីដែលថវិកាជាតិអាចធ្វើបាន ប៉ុន្តែ ចំណុចសំខាន់រាជរដ្ឋាភិបាល បានគិតជាប្រចាំ ខិតខំរកវិធីជាប្រចាំដើម្បីធានាឱ្យប្រជាជនមានភាពកក់ក្តៅថារាជរដ្ឋាភិបាល គឺមិនទុកប្រជាជនចោលនោះទេ។

សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋា ភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូល រួមក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ ថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្ត ជាផ្លូវ ការនៅថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕