(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍​ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។

ទាក់ទងនឹងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បន្ថែមលើកម្មវិធី៤នេះ កញ្ចប់គ្រួសារមានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត និងផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យនិងភាពងាយរងគ្រោះនានា»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ជាមួយគ្នានេះរាជរដ្ឋាភិបាល នឹងបន្តពង្រឹងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារនេះ តាមរយៈការពង្រឹងប្រព័ន្ធបញ្ជូនបន្ត នឹងបណ្ដាញតភ្ជាប់ទៅកាន់សេវានិងកម្មវិធីផ្សេងៗទៀត ដើម្បីធ្វើឲ្យប្រព័ន្ធគាំពារសង្គមកាន់តែមានលក្ខណៈទូលំទូលាយផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះបន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងបន្តិចម្តងចាប់ពីខែមករា ឆ្នាំ២០២៤ ហើយឈានទៅអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។

សូមបញ្ជាក់ដែរថា តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដោយទទួលបានថវិកា ២៨ ០០០រៀលក្នុងមួយខែផងដែរ៕