(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥លានដុល្លារ នៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាស​ដាក់​ឲ្យអនុវត្តន៍ជាផ្លូវការ នូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឲ្យអនុវត្តន៍ ​នៅក្នុង​ឆ្នាំ២០២៣ នាព្រឹកថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកផងដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ កន្លងមក រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកា ប្រមាណ១៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១ និង៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ សម្រាប់វិធានការអន្តរាគមន៍ ក្នុងការដោះស្រាយ ផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសលើកម្មវិធីប្រយុទ្ធនឹងទប់ស្កាត់ លើជំងឺកូវីដ-១៩»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា វិធានការអន្តរាគមន៍ ក្នុងការដោះស្រាយ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងគ្រោះរាំង និងងាយហានិភ័យ ដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ នៅក្នុងអំឡុងពេលមានសម្ពាធអតិផរណាជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចការទាំងអស់នេះ សម្ដេចសូមបញ្ជាក់ និងសូមលើកឲ្យបងប្អូនជនរួមជាតិ ជាពិសេសអ្នកដែលតែងតែនិយាយថា រដ្ឋាភិបាលមិនបានធ្វើអីសោះ ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រ៕