(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រជូនសិស្សានុសិស្សដែលបានប្រឡងចប់សញ្ញាបត្របឋមសិក្សាឥស្លាមកម្ពុជា និងផ្តល់លិខិតសរសើរជូនដល់សាលាឆ្នើម នាសម័យប្រឡងថ្ងៃទី៣០ តុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា សុំ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបង្ហាញនូវការយល់ឃើញ និងចាត់ទុកថា វិស័យអប់រំ គឺជាផ្នែកមួយដែលមានសារៈសំខាន់ មិនអាចកាត់ផ្តាច់បានក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ពិធីនេះប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅបវេណវិហារធំឥស្លាមគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមជាគណៈអធិបតីផងដែរ ពីសំណាក់ តំណាងនាយកដ្ឋានកិច្ចការឥស្លាមរដ្ឋសើឡាងរ ប្រទេសម៉ាឡេ ជាទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងធម្មការ និងសាសនា ទីប្រឹក្សារាជរដ្ឋាភិបាល អាជ្ញាធរខណ្ឌឫស្សីកែវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គពិធី អ្នកឧកញ៉ា សុះ កំរ៉ី បានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំសាលារៀន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ ដែលនេះជាសមិទ្ធផលដ៏វិសេសវិសាលដែលបញ្ជាក់ឲ្យឃើញថា វិស័យអប់រំ គឺជាផ្នែកមួយដែលមានសារៈសំខាន់ និងមិនអាចកាត់ផ្តាច់បានក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

អ្នកឧកញ៉ាចាងហ្វាង បានបន្តថា ដើម្បីពង្រឹង និងលើកកម្ពស់វិស័យអប់រំឥស្លាមនៅកម្ពុជា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំប្រព័ន្ធអប់រំឥស្លាម និងរៀបចំរចនាសម្ព័នគ្រប់គ្រងគ្រូបង្រៀនខ្មែរឥស្លាមគ្រប់រាជធានី-ខេត្ត។ លើសពីនេះទៅទៀត ដើម្បីពង្រឹងវិស័យអប់រំឥស្លាមនៅកម្ពុជា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការណ៍ផ្នែកវិស័យអប់រំ ជាមួយបណ្តាប្រទេសជាមិត្តនានាមួយចំនួន ដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី អេហ្សីប និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

សូមជម្រាបថា ឆ្នាំ២០២៣នេះ ជាឆ្នាំទី៣ហើយ ដែលគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សហការជាមួយនាយកដ្ឋានកិច្ចការសាសនាឥស្លាមរដ្ឋសើឡាងរ ប្រទេសម៉ាឡេស៊ី (JAIS) បានរៀបចំការប្រឡងសញ្ញាបត្របឋមសិក្សាឥស្លាមកម្ពុជា ជាលក្ខណៈទូទាំងប្រទេសនេះ។ ដោយក្នុងឆ្នាំ២០២៣នេះ មានមណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល និងមានបេក្ខជនចុះឈ្មោះចូលរួមប្រឡង ចំនួន៤៩៤នាក់ រីឯសិស្សដែលប្រឡងជាប់គិតជាភាគរយស្មើនឹង៩៥ភាគរយ៕