(ភ្នំពេញ)៖ ពិតជាឱកាសល្អកម្ររកបាន! សាកលវិទ្យាល័យឯកទេស នៃកម្ពុជា​ (CUS) ប្រកាសផ្តល់​កុំព្យូ​ទ័រ​យួរដៃ (Laptop) ចំនួន ១០គ្រឿងជូនសិស្សនិទ្ទេស A ឬ B ដែលចុះឈ្មោះចូលរៀនមុនគេនៅទីតាំង ឬសាខាណាមួយរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា។

ក្រៅពីការប្រកាសផ្តល់កុំព្យូទ័រយួរដៃ ជូនសិស្សនិទ្ទេស A ឬ B ដែលបានមកចុះឈ្មោះចូលរៀនមុនគេ​ហើយនោះ សាកលវិទ្យាល័យក៏បានប្រកាសជួយឧបត្ថម្ភការសិក្សានៅឆ្នាំទី១ប្រចាំខែចំនួន ១០០,០០០​រៀលបន្ថែមទៀត ចំពោះនិស្សិតអាហារូបករណ៍សិស្សឆ្នើមនិទ្ទេស A, B, C ទាំងអស់ ដែលបាន​បំពេញ​ភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណៈសម្បត្តិ និងការអភិវឌ្ឍរបស់សាកល​វិទ្យា​ល័យ។

ស្របពេលដែលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមានការរីកចម្រើនឥតឈប់ឈរ បដិវត្តឧស្សាហកម្ម៤.០ បាន​និងកំពុងបង្ហាញរូបរាងកាន់តែច្បាស់នាដើមសតវត្សទី២១នេះ ការអប់រំបណ្តុះបណ្តាលធនធាន​មនុស្ស​ឱ្យ​បានឆ្នើមស្របតាមសម័យឌីជីថល គឺជាទិសដៅភារកិច្ចរិតតែសំខាន់ សំដៅរួមគ្នាបង្វឹក ដុសខាត់ និស្សិត​ឱ្យទទួលបានចំណេះដឹង ជំនាញ បំណិនវិជ្ជាជីវៈពិតប្រាកដ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ និងមុខ​រប​រក្នុងបរិបថនៃសេដ្ឋកិច្ចឌីជីថលសម័យថ្មីនេះ។

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្ដេជ្ញាសម្រេចឱ្យបានតាមចក្ខុវិស័យ គឺសាកលវិទ្យា​ល័យ ឯកទេស នៃកម្ពុជា ត្រូវក្លាយជារោងចក្របញ្ញាញាណដោយការកសាង និងការអភិវឌ្ឍធនធាន​មនុស្ស​ប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ ដើម្បីកសាងកិត្តិនាម និងអភិវឌ្ឍគុណភាពអប់រំរបស់ខ្លួន ក្នុងឆាកអន្តរជាតិចាប់ពីឆ្នាំ២០២៧តទៅ។ ជាពិសេស​គឺដើម្បីចូលរួម​ចំណែក​សម្រេចឱ្យបានទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ជាគ្រឹះស្ថានឧត្តមសិក្សាដែលមានបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្សលើកម្រិតបរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដោយមានទីតាំងគោលនៅរាជធានីភ្នំពេញ និងសាខាចំនួន៦ គឺ CUS សាខាកំពង់ចាម, CUS សាខា កំពង់ធំ, CUS សាខាសៀមរាប, CUS សាខាបន្ទាយមានជ័យ, CUS សាខាបាត់ដំបង និង CUS សាខាខេត្តកំពត៕