(ភ្នំពេញ)៖ ស្របតាមអនុលោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, «ការអភិវឌ្ឍមូលធនមនុស្ស» នៅក្នុងរដ្ឋបាលសាធារណៈត្រូវបានកំណត់យកជាអាទិភាព ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអង្គភាព ដែលមានសមត្ថភាពខ្ពស់ ខ្លាំង និងវៃឆ្លាត ស្របតាមនិន្នាការ នៃបរិវត្តកម្មឌីជីថល និងតម្រូវការនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ការកសាងធនធានមនុស្ស ជាពិសេសក្នុងជួរស្ត្រី គឺជាកត្តាដែលមិនអាចខ្វះបាន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពង្រីកភាពអង់អាចដល់ស្ត្រី ក្នុងន័យធានាការចូលរួមបានពេញលេញ ក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។ ឈរលើមូលដ្ឋាននេះ ប្រទេសកម្ពុជាបានប្រកាន់យកនូវ «គោលការណ៍មាតាធិបតេយ្យ» ចាប់តាំងពីការកកើតរដ្ឋដំបូង ដែលមានន័យថា យើងប្រកាន់ខ្ជាប់វប្បធម៌គោរព និងឱ្យតម្លៃទៅលើ «ស្ត្រី» ក្នុងការដឹកនាំគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ទាំងនេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈអញ្ជើញជាអធិបតីនៅក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការពង្រឹងសមត្ថភាពស្ត្រី និងភាពជាអ្នកដឹកនាំ» នាព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

លោក កើត ឆែ បានចាត់ទុកថា «សិក្ខាកាមជាស្ត្រី ដែលកំពុងបំពេញតួនាទីនៅតាមអង្គភាពរៀងៗខ្លួន នឹងទទួលបានចំណេះដឹងបន្ថែមលើទិដ្ឋភាពនានា ពាក់ព័ន្ធនឹងការបំពេញការងារ សំដៅបង្កើនសមត្ថភាពផ្ទាល់ខ្លួន ឱ្យកាន់តែប្រសើរឡើង។ សូមអស់លោក-លោកស្រី ជឿជាក់លើដំណើការកំណែទម្រង់លើគ្រប់វិស័យដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលផ្តល់ឱកាសដល់អ្នកដែល មានសមត្ថភាព (ជាបុរស ឬស្ត្រី) ក្នុងការឡើងកាន់តំណែងសំខាន់ៗនៅក្នុងស្ថាប័ន ប្រសិនបើសាមីខ្លួនមានគុណវុឌឱ្យគ្រប់គ្រាន់ ស្របតាមគោលការណ៍ «គុណាធិបតេយ្យ» (Le principe de mérite)។ ដូច្នេះហើយ បានជាយើងសង្កេតឃើញថា ក្នុងការប្រើប្រាស់ពាក្យមួយចំនួនដែលពាក់ព័ន្ធនឹងការដឹកនាំ តែងមាននូវពាក្យបន្ថែមដើម (Préfixe) «មេ» ។ ឧទាហរណ៍ មេដឹកនាំ, មេទ័ព, មេបញ្ជាការ, មេកងពល, មេស្រុក (បច្ចុប្បន្ន អភិបាលស្រុក), មេឃុំ, មេគ្រួសារ, មេផ្ទះជាដើម»

លោកក៏បានណែនាំ និងលើកទឹកចិត្តដល់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ឱ្យបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ត្រី និងការអភិវឌ្ឍបរិយាប័ន្នក្នុងស្ថាប័ន ហើយត្រូវផ្តោតសំខាន់លើការ អញ្ជើញសិក្ខាកាម ដែលជាក្រុមគោលដៅ រួមមាន សមាជិកានៃគណៈកម្មាធិការកិច្ចការ ស្ត្រី និងកុមារ (គ.កស.ក) ថ្នាក់រាជធានី, ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់។ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាល លើប្រធានបទដទៃទៀត ស្នើបង្កើនបរិមាណស្ត្រី ដែលជាសិក្ខាកាមឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានផងដែរ។

លោកអភិបាលរងបានថ្លែងទៀតថា ស្ត្រីក្រោយមានគ្រួសារ គឺគាត់មានការទទួល និងគ្រប់គ្រងគ្រួសារ និងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។ លោក កើត ឆែ លើកឡើងទៀតថា បុរសសុំលប់ចោលពាក្យថា «នារីដឹកនាំអត់បាន»។ បុរសគួរយល់ថា នារីមានភាពស្មុគស្មាញជាងបុរសទាំងរាងកាយ ទាំងកិច្ចការផ្ទះ ក្នុងនាមជាអ្នកមើលការខុសត្រូវក្នុងគ្រួសារ។

ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលការពង្រឹងសមត្ថភាពស្ត្រី និងភាពជាអ្នកដឹកនាំនេះ, លោក កើត ឆែ បានណែនាំដល់អង្គភាពធនធានមនុស្សថា គួរត្រូវបានអញ្ជើញខាងបុរសចូលរួមផងដែរ ព្រោះបុរសជាតួអង្គពាក់ពន្ធ័នឹងតួនាទី ឬហិង្សាក្នុងគ្រួសារច្រើនដែរ ដើម្បីឱ្យបុរសបានយល់ដឹង ពីតួនាទី នៃភាពជាអ្នកដឹកនាំគ្រួសារ និងសង្គម បើគ្មានបុរសចូលរួម ក៏មិនទទួលជោគជ័យដែរ។

ជាមួយគ្នានេះ ការកសាងធនធានមនុស្សជាពិសេសក្នុងជួរស្ត្រី គឺជាកត្តាដែលមិនអាចខ្វះបានដើម្បីលើកកំពស់សមភាពយេនឌ័រ និងការពង្រីកភាពអង់អាចដល់ស្ត្រី ក្នុងន័យធានាការចូលរួមបានពេញលេញ ក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។ ឈរលើមូលដ្ឋាននេះ ប្រទេសកម្ពុជាបានប្រកាន់យក គោលការណ៍ មាតាធិបតេយ្យ ចាប់តាំងពីការកកើតរដ្ឋដំបូង ដែលមានន័យថា យើងប្រកាន់ខ្ជាប់ នូវវប្បធម៌គោរព និងឱ្យតំលៃទៅលើស្ត្រី ក្នុងការដឹកនាំគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕