(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៨៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញចំនួន ១៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ដែលអ្នកសារព័ត៌មានទើបតែទទួលបាន។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មដែលមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមួយនេះ បានបញ្ជាក់ថា វគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងនេះ គឺជាប្រភេទសញ្ញបត្របច្ចេកទេសវិជ្ជាជីវៈ១ លើមុខជំនាញចំនួន១៥ដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ២៨០នាក់, ការថែទាំនិងជួសជុលរថយន្តចំនួន ២៧០នាក់, ការថែទាំនិងជួសជុលអគ្គិសនីរថយន្តចំនួន ២៧០នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនធុនតូចចំនួន១៨០នាក់, ការថែទាំនិងជួសជុលរថយន្តហ្វដចំនួន២១០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់, ការផ្សារលោកហៈដោយធ្នូអគ្គិសនី (ធូប) ចំនួន១៥០នាក់, ការបន្ស៊ីលោហៈចំនួន២១០នាក់ សេវាកម្មកុំព្យូទ័រចំនួន ១៨០នាក់, ការចនាក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៨០នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ២៨០នាក់, ការថែទាំ និងជូសជុលជណ្តើរយន្តចំនួន ១៥០នាក់, សេវាកម្មគ្រប់គ្រងយានដ្ឋាន ៣០នាក់ និងការផ្សារឧស្ម័ន ៩០នាក់។
ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៤ខែនោះផងដែរ៕