(ភ្នំពេញ)៖ ភាពជាអ្នកដឹកនាំ ជាធម្មជាតិរបស់មនុស្ស សត្វ ដែលមានរួចទៅហើយ ពោលគឺចាប់ពី២នាក់ទៅ គឺតែងតែមានម្នាក់ ជាអ្នកដឹកនាំ។ នារីជាអ្នកគ្រប់គ្រងគ្រួសារ និងភាពជាអ្នកដឹកនាំ ក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។ ចំណែកពាក្យថា នវានុវត្តន៍ មានន័យថា ជាការច្នៃប្រឌិតលើកិច្ចការងារ ឲ្យកាន់តែប្រសើរឡើង ពិសេសលើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ និងងាយស្រួលជាងមុន។

លោក កើត ឆែ បានបន្តទៀតថា បើយើងមានភាពជាអ្នកដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះ ទៅប្រើប្រាស់ឲ្យខុសគោលដៅ។ លោកបញ្ជាក់ថា ភាពជាសូមប្រើប៊ិច ឲ្យបានត្រឹមត្រូវ មុនប្រើប្រាស់ប៊ិច ត្រូវគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះប៊ិចរបស់ អ្នកដឹកនាំ នាំមកនូវប្រយោជន៍ តែបើប្រើប្រាស់មិនត្រឹមត្រូវ ក៏វានាំមកនូវគ្រោះមហន្តរាយដែរ។

នេះជាការលើកឡើង របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ អញ្ជើញស្វាគមន៍ និងធ្វើបទបង្ហាញអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ អង្គភាពច្រកចេញចូលតែមួយ សាលារាជធានីភ្នំពេញ ជូនសិក្ខាកាមជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ជំនាន់ទី៥ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលារាជធានី រាជធានីភ្នំពេញ។

លោក កើត ឆែ បានបន្តទៀតថា ភាពជាអ្នកដឹកនាំ មិនអាចនិយាយថា ចំណេះដឹងរបស់ប្រជាពលរដ្ឋ នៅមានកម្រិតនោះទេ ត្រូវផ្សព្វផ្សាយ ឬបញ្ច្រៀបការយល់ដឹងទៅ ឲ្យពួកគាត់បានយល់ និងដឹងឮ។ អំណាចដែលយើងបានមក គឺប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត ទើបយើងអាចអង្គុយធ្វើការងារ។ តែបើពួកគាត់បោះឆ្នោះ ឲ្យអ្នកដឹកនាំមិនល្អ វានឹងធ្វើឲ្យប្រទេសជាតិ ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម គឺយើងមិនមានឱកាសអង្គុយធ្វើការបានដែរ។ ដូច្នេះសូមអ្នកដឹកនាំទាំងអស់ បំរើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

លោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ថ្ងៃនេះ សិក្ខាកាមសិក្ខាកាមជាន់ខ្ពស់ទាំងអស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សា ទៅកាន់ស្ថាប័នចំនួន២ (ដែលក្នុងនោះសិក្ខាកាមចំនួន១០០នាក់ ធ្វើទស្សនកិច្ចសិក្សា នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន៩៧នាក់ អញ្ជើញមកទស្សនកិច្ច នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋ បាលរាជធានីភ្នំពេញនេះ)។

សិក្ខាកាមជាន់ខ្ពស់ទាំងអស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បានចុះទស្សនកិច្ចសិក្សាទៅកាន់ សិក្ខាកាមជាន់ខ្ពស់ទាំង៩៧នាក់ មានសមាសភាពក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន អភិបាលរងខេត្ត អភិបាលស្រុក អភិបាល ខណ្ឌ ផងដែរ។

លោកបន្តថា ការចុះទស្សនកិច្ចសិក្សានេះ គឺការភ្ជាប់ទ្រឹស្ដីដែលសិក្ខាកាមបានសិក្សា និងការពិនិត្យមើលការអនុវត្ត ការងារជាក់ស្ដែងក្នុងការផ្តល់សេវាដែលល្អប្រសើរ ក្នុងបណ្តាអង្គភាពរបស់រដ្ឋ សហគ្រាសសាធារណៈ ឬ អង្គភាពក្នុងវិស័យឯកជន។ ស្របជាមួយគោលដៅនៃវគ្គសិក្សា ដែលចង់ឲ្យសិក្ខាកាម មានការយល់ដឹង ចេះបង្កើន សមត្ថភាពបំពេញការងារ និងក្លាយជាអ្នកដឹកនាំដែលអាចបំពេញការងារបាន (Knowing Doing and Being)។

លោកបន្តទៀតថា ទស្សនកិច្ចសិក្សានៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញនេះ នឹងផ្តល់ជូនដល់សិក្ខាកាមទទួលបាននូវពិសោធន៍ចំណេះដឹង និងវិធីសាស្ត្រអនុវត្តការងារថ្មីៗ យល់ដឹងពីភាពជាអ្នកដឹកនាំ ក្នុងការផ្តល់សេវាសាធារណៈ ឥរិយាបថរបស់មន្ត្រី ក្នុងការបម្រើសេវាសាធារណៈ កិច្ចសហការគ្នាក្នុងការងារ និងការដោះស្រាយបញ្ហានានា នៅក្នុងការផ្តល់សេវា ក៏ដូចជាយល់ដឹងពីវិធីដោះស្រាយ ឆ្លើយតបទៅនិងបញ្ហា ដែលកើតមាននៅក្នុងសា្ថប័ន និងអង្គភាពរបស់ខ្លួន៕