(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកាវិទ្យាល័យទាំង២៥ លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារស.ស.យ.ក. និងសិស្សានុសិស្សសរុបចំនួន២៥០នាក់។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត សិស្សនិទ្ទេស A ទាំង១៧រូប ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនាព្រឹកនេះ។

ទន្ទឹមនេះ លោកបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែលបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលឈប់សម្រាក ដើម្បីបង្រៀនសិស្សានុសិស្សបន្ថែម និងអបអរសាទរចំពោះអ្នកទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេស A ទាំង១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។

លោកបានបន្ថែមទៀតថា ការរៀបចំឲ្យមានវគ្គបំប៉ន គឺជាកត្តាគួបផ្សំមួយផ្នែកដែលលោកគ្រូ អ្នកគ្រូ បានបង្ហាត់បង្រៀនជាប្រចាំមកហើយ និងគួបផ្សំជាមួយការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សផ្ទាល់ ទើបទទួលបានលទ្ធផលល្អដូចពេលនេះ ហើយជោគជ័យនេះ គឺជាជោគជ័យរួមរបស់ខេត្តកំពង់ស្ពឺទាំងមូល មិនមែនត្រឹមតែលើកកិត្តិយសមុខមាត់សាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ។

ជាមួយនឹងការអបអរសាទរចំពោះសិស្សានុសិស្ស ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ លោក ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិនបានទទួលលទ្ធផលល្អក្នុងការប្រឡង ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អនាពេលអនាគតផងដែរ៕