(កណ្តាល)៖ ពលរដ្ឋក្នុងភូមិខ្ពប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានសម្ដែងនូវក្ដីត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានមន្ទីររៀបចំដែនដីខេត្ត អាជ្ញាធរក្រុង និងប្រធានការិយាល័យសូរិយោដី ក្រុងអរិយក្សត្រ ដែលបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីចំនួន៤៨៤ក្បាលដី ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ការបិទផ្សាយនូវឯកសារនៃការ​វិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុង រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដែលរាប់ចាប់ពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី១៩ ខែធ្នូ ដោយគិតទាំងថ្ងៃឈប់សម្រាកផងដែរ។ ក្រោយពីការបិទផ្សាយនេះ សូមម្ចាស់ដីទាំងអស់ត្រូវទៅពិនិត្យមើលឲ្យបានគ្រប់គ្នា។

លោកបានបន្តទៀតថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ ដល់ប្រជា​ពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីធ្លី ពិសេសទៀតនោះបានធ្វើឲ្យបញ្ហាទំនាស់ដី​ធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើនទៀតផង។

ជាមួយគ្នានេះ លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ។

ក្នុងឱកាសនោះ លោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈភាពងាយស្រួល និងចូលរួមសហការឲ្យបានរលូន ជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដី ដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។

លោកអភិបាលរងក្រុង បានធ្វើការក្រើនរំលឹកដល់មន្ត្រីជំនាញ និងប្រជាពល​រដ្ឋត្រូវបន្តការយកចិត្តទុកដាក់ ចូលរួមសហការឲ្យបានល្អថែមទៀត ដើម្បីជំរុញឲ្យការអនុវត្តនី តិវិធី នៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត​ទៅដោយភាពរលូន និងជោគជ័​យ។

លោក សូ ច័ន្ទរិទ្ធ ប្រធានការិយាល័យសូរិយោដីក្រុងអរិយក្សត្រ បានប្ដេជ្ញាដឹកនាំក្រុមការងាររបស់លោក បម្រើពលរដ្ឋឲ្យអស់ពីចិត្ត ប្រកបដោយស្នាមញញឹម និងធ្វើប្លង់រឹងជូនពលរដ្ឋក្រុងអរិយក្សត្រ ឲ្យបានឆាប់រហ័សអស់ពីសមត្ថភាព៕