(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ ស្រុកអង្គស្នួល ខេត្តកណ្ដាល ទទួលបានសមិទ្ធិផលជាផ្លូវបេតុងអាមេ ចំនួន២ខ្សែ ប្រវែង១,៧៨០ម៉ែត្រ ក្នុងនោះ ប្រវែង៥៨០ម៉ែត្រ នៅភូមិបុរីកម្មករ និងភូមិព្រៃទន្លាប់ ឃុំបែកចាន និងប្រវែង១,២០០ម៉ែត្រ នៅភូមិស្វាយជ្រំ និងភូមិអណ្តូង ឃុំបែកចាន និងភូមិត្រពាំងខ្លឹម ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ថ្លែងក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។

បើតាមលោក គង់ សោភ័ណ្ឌ, គោលនយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»

លោកបន្ដថា ស្រុកអង្គស្នួល បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ, ផ្លូវបេតុង, ស្ពាន, លូ ប្រឡាយទឹក, សាលារៀន, មន្ទីរពេទ្យ, រោងចក្រឧស្សហកម្ម, រោងចក្រកាត់ដេរសំលៀកបំពាក់, មណ្ឌលសុខភាព វត្តអារាមជាដើម។

ទន្ទឹមនឹងនេះ ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ១,៧៨០ ម៉ែត្រ ក្នុងឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។

លោកបានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតី «វប្បធម៌នៃការចែករំលែក» ជូនដល់អាជ្ញាធរ ដើម្បីសាងសង់ផ្លូវបេតុងអាមេ នៅឃុំបែកចាន និងឃុំក្រាំងម្កាក់នេះឡើង សម្រាប់ប្រជាជនទូទៅប្រើប្រាស់ជាសាធារណៈប្រកបដោយផាសុកភាព សមធម៌ និងបរិយាប័ន្ន។

ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសម្ដែងនូវការសប្បាយរីករាយជាពន់ពេក និងថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ព្រមទាំងប្ដេជ្ញាជួយថែរក្សាផ្លូវនេះឲ្យគង់វង្ស ប្រើប្រាស់យូរអង្វែង៕