(ឧត្តរមានជ័យ)៖ លោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម លក្ខណៈប្រចាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន១០ខ្សែ ប្រវែងសរុប ១០៣,៦៨០ម៉ែត្រ ក្នុងភូមិសាស្រ្តស្រុកចំនួន៤ គឺស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកអន្លងវែង។

បន្ទាប់ពីបានចុះពិនិត្យមើល ដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង១០ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកមួយរយភាគរយ (១០០ភាគរយ) សម្រាប់ការអនុវត្តការងារ ថែទាំផ្លូវទាំងនេះ។

នៅក្នុងឱកាសនោះលោក ជា ស្រ៊ុន បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវលំក្រាលក្រួសក្រហមទាំងអស់នេះ ដែលជាសមិទ្ធិផលថ្មីក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ ឱ្យបានល្អប្រសើរដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាពផងដែរ។

លោក ជា ស្រ៊ុន បានរំលឹកថា ដើមឡើយតំបន់ទាំងអស់នេះ ផ្លូវលំមានលក្ខណៈលំបាកជាផ្លូវកង់រទេះពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្ត ធ្វើឱ្យតំបន់នេះបានកែប្រែមុខមាត់ថ្មីមានផ្លូវលំក្រាលក្រួសក្រហម ខ្វាត់ខ្វែងជាច្រើនខ្សែក្នុងមូលដ្ឋានរបស់ប្រជាពលដ្ឋផងដែរ៕