(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានចុះអនុវត្ត និងដោះស្រាយបញ្ចប់វិវាទដីធ្លីមួយកន្លែង ស្ថិតនៅភូមិជម្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដោយជោគជ័យ។

ការចុះអនុវត្ត និងដោះស្រាយបញ្ចប់វិវាទនេះធ្វើឡើងដោយមានមតិដឹកនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ាង លីដា អភិបាលស្ដីទីខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ PSC ចុះពិនិត្យការសាងសង់របងរបស់ឈ្មោះ វួន ម៉េងយូ (ដីមានបណ្ណកម្មសិទ្ធិ) ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ សមាសភាពចូលរួម៖ នាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ត្រពាំងក្រសាំង ប៉ុស្ដិ៍នគរបាលត្រពាំងក្រសាំង កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងកម្លាំងប្រជាការពារសង្កាត់។

នៅក្នុងករណីវិវាទនេះ លោក វួន ម៉េងយូ បានរៀបរាប់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងពីសាវតារឿងថា៖

ដំបូងឡើយឈ្មោះ នូ សុខុម និងឈ្មោះ អោម ចន្ថា បានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ដោយផ្ទេរមកឲ្យ ឈ្មោះ វួន ម៉េងយូ។ លុះមកដល់ក្នុងអំឡុងឆ្នាំ២០១៩-២០២០ អាជ្ញាធរចាប់ផ្ដើមមានការរៀបចំចុះវាស់វែងជាប្រព័ន្ធ ដើម្បីធ្វើប្លង់រឹងឲ្យប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញថា មានក្បាលដីលេខ ៤០៤ បានជាន់ពីលើដីរបស់ឈ្មោះ វួន ម៉េងយូ និងមានក្បាលដីលេខ៤០៧, ៤៤០, ៤៦៨, ៤៦៩, ៤៧៨ និងលេខ ៤៨៨ គឺបានជាន់ព្រំ និងចូលមកក្នុងដីរបស់ឈ្មោះ វួន ម៉េងយូ លើក្បាលដីលេខ ៤០៣ ដែលជាដីដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព ៦២៧៩៣ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ទើបឈ្មោះ វួន ម៉េងយូ សម្រេចដាក់ពាក្យបណ្ដឹងចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ទៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធាវីភ្នំពេញ ដើម្បីធ្វើការទប់ស្កាត់មិនឲ្យចេញប័ណ្ណ និងរកដំណោះស្រាយ។

ក្រោយមានការតវ៉ា ទើបឈ្មោះ វួន ម៉េងយូ ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេច ១២០៩១៣០៧-០៤០៣ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០។ គួរបញ្ជាក់ថា វិវាទដែលបានកើតឡើងលើដីទំនាស់នេះជាមួយម្ចាស់បុរី ភីនវរៈ គឺតាំងពីអំឡុងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

នាពេលថ្មីៗថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ តាមស្មារតីនៃអង្គប្រជុំ នៅខណ្ឌពោធិសែនជ័យ លោកអភិបាលខណ្ឌរង ប៉ាង លីដា ជាគណៈធិបតីបានឲ្យ វួន ម៉េងយូ ម្ចាស់ដី លើកឡើងសំណូមពរ សុំធ្វើរបង និងធ្វើរោងដាក់សម្ភារតាមគោលការណ៍ចាស់ មានលិខិតការអនុញ្ញាតពីអភិបាលខណ្ឌចាស់ លោក ហែម ដារិទ្ធ។ ពេលនោះ ក៏បានឲ្យភាគីម្ខាងទៀតលើកឡើងដែរ ឈ្មោះ ស៊ឹម សាវុធ តំណាងម្ចាស់បុរី ភីនវីរៈ ជោគជ័យ លើកឡើងថា ចង់ឲ្យអាជ្ញាធរខណ្ឌបញ្ជូនឯសារទៅដោះស្រាយ នៅអាជ្ញាធរវិវាទដីធ្លី។

លោកអភិបាលបានបដិសេធដោយប្រាប់ទៅលោក ស៊ឹម សាវុធ ថា គ្មានឯកសារគ្រប់ទេ ហើយបានឲ្យការិយាល័យសូរិយាដីខណ្ឌ ប្រាប់អំពីឯកសារស្របច្បាប់ខាងភាគី លោក វួន ម៉េងយូ មានឯកសារគ្រប់គាន់ និងបានលើកឡើងថែមទៀតថា ភាគីលោក ស៊ឹម សាវុធ ម្ចាស់បុរី ធ្វើលំនៅដ្ឋានរំលោភលើដីកម្មសិទ្ធរបស់លោក វួច ម៉េងយួ អស់ចំនួន ៦៩ម៉ែត្រការ៉េ ថែមទាំងមិនឲ្យម្ចាស់កម្មសិទ្ធដីសាងសង់ទៀតផង។

ជាចុងក្រោយ លោកអភិបាល បានសម្រេចឲ្យគណៈកម្មការ ចុះការពារម្ចាស់កម្មសិទ្ធដីស្របច្បាប់ដើម្បីធ្វើរបងតាមព្រំដី និងសាង់សង់រោង។ ដូច្នេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្ត និងដោះស្រាយបញ្ចប់វិវាទបានដោយជោគជ័យ៕