(ព្រះសីហនុ)៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពុំ សុថា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលស្វែងយល់អំពីទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជានេសាទនៅតំបន់សមុទ្រ នារសៀលថ្ងៃតី០៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងពិធីសំណេះសំណាល អភិបាលខេត្ត និងប្រធានរដ្ឋបាលជលផល អនុញ្ញាតឲ្យប្រជានេសាទរៀបរាប់ពីទុក្ខលំបាក និងបញ្ហាមួយចំនួន ដើម្បីពិនិត្យដោះស្រាយដែលអ្នកនេសាទស្នើឡើង ផ្អែកតាមគោលការណ៍ និងគ្រប់ទម្រង់ច្បាប់។

បន្ទាប់ពីក្តោបនូវបញ្ហាបាននោះ លោកប្រធានរដ្ឋបាលជលផល បានលើកឡើងថា បច្ចុប្បន្នប្រភេទត្រីទាំងទឹកសាប និងទឹកប្រៃត្រូវបានខ្សត់ខ្សោយទៅៗ ដូចនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានដាក់វិធានការក្នុងការបង្ក្រាបបទល្មើសនេសាទ ដើម្បីឲ្យផលនេសាទកើនឡើងវិញ។

ក្រោយមានការបង្ក្រាបផលនេសាទត្រី ដែលប្រភេទត្រីមួយចំនួនស្ទើរតែផុតពូជ បច្ចុប្បន្នត្រូវមានការកើនឡើងវិញ បន្ទាប់ពីមានការបង្កាទប់ស្កាត់បទល្មើសនេសាទធំៗ លោកក៏បានបញ្ជាក់ថា ផលនេសាទកាន់តែខ្សត់ខ្សោយ ប្រជានេសាទកាន់តែកែច្នៃឧបករណ៍នេសាទផ្សេងៗ ក្នុងការប្រកបរបរប្រចាំថ្ងៃដែលធ្វើឲ្យផលនេសាទ កាន់តែហិនហោចទៅពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយមានការយកចិត្តទុកដាក់ពីក្រសួងកសិកម្មចំពោះមុខ និងបង្កើតច្បាប់ថ្មី ដែលនឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យប្រជានេសាទ បានយល់កាន់តែច្បាស់ឧបករណ៍ណា ដែលអនុញ្ញាតឧបករណ៍ដែលមិនអនុញ្ញាតឲ្យប្រើក្នុងដែននេសាទ ទីតាំងណាដែលអនុញ្ញាត ទីតាំងណាដែលជាកន្លែងមិនអនុញ្ញាត កន្លែងអភិរក្ស និងមានការជំរុញឲ្យប្រជានេសាទទៅចុះបញ្ជីទូករបស់ខ្លួនឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោក គួច ចំរើន បានលើកឡើងថា ចាប់ពីពេលនេះទៅ បើមានសមត្ថកិច្ចមន្ត្រីជំនាញចុះគៀបសង្កត់ទារលុយពីប្រជានេសាទ សូមទំនាក់ទំនងមកលោកផ្ទាល់ ហើយនឹងចាត់មានវិធានការដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលជួបបញ្ហានៅលើដែនសមុទ្រ។ លោកបន្ដថា ប្រជាពលរដ្ឋ គឺជាភ្នែកជាច្រមុះដល់អាជ្ញាធរសមត្ថកិច្ច ដូចនេះរាល់មានបញ្ហាបទល្មើសកើតឡើង សូមរាយការណ៍ជូនមកអាជ្ញាធរ ដើម្បីមានវិធានការក្នុងការដោះស្រាយ បានទាន់ពេលវេលា។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ចំពោះឆកកំពង់សោម គឺមិនអនុញ្ញាតឲ្យមានការនេសាទប្រភេទទូកអូសធុនធំនោះទេ សម្រាប់ទុកឲ្យប្រជាពលរដ្ឋដែលមានទូកតូច ប្រកបអាជីវកម្ម ឬទុកកន្លែងនេះ។ សម្រាប់ជាកន្លែងនេសាទទេសចរណ៍ ជំរុញឲ្យប្រជានេសាទទូកធំៗ ទៅនេសាទនៅខាងក្រៅឆកវិញ។ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់ លោកអភិបាលខេត្ត ក៏បានលើកឡើងថា ត្រូវមានវិធានការចំពោះមន្ត្រីសមត្ថកិច្ចជំនាញ ត្រូវចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋ គឺមិនមែនឲ្យមកគាបសង្កត់លើប្រជាពលរដ្ឋនោះឡើយ៕