(កំពង់ធំ)៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០២៣នេះ បានជំរុញអ្នកពាក់ព័ន្ធផ្សព្វផ្សាយពីសក្កានុពលស្វាយចន្ទីកម្ពុជា សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងវេទិកាស្វាយចន្ទី ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា» នៅទីរួមខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោកបន្តទៀតថា វេទិកាស្វាយចន្ទីនេះ ជាវេទិកាដែលមានសារៈសំខាន់ ដោយបានប្រមូលផ្ដុំគ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី និងផ្ដល់ឱកាសដល់វិស័យឯកជនពាក់ព័ន្ធ អាចចូលរួមតាំងបង្ហាញ ផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ និងការផ្គូរផ្គងធុរកិច្ច និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈម និងភាពជោគជ័យជាដើម ដែលទាំងនេះ គឺជាការចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសក្តានុពលស្វាយចន្ទីកម្ពុជា។

លោកបានបន្ថែមថា ដោយផ្តោតជាសំខាន់លើការដាំដុះ ការកែច្នៃ និងការនាំចេញ និងមានចក្ខុវិស័យ ក្នុងការអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទី មានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តភាព ការធ្វើពិពិធកម្មរសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសអ្នកផលិត ក៏ដូចជាផ្គត់ផ្គង់ផលិតផលស្វាយចន្ទី សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ជាមួយគ្នានេះដែរ លោក កឹម ស៊ីថន បានចូលរួមទស្សនៈមួយចំនួន ដូចខាងក្រោម៖

១៖ ស្នើសុំកិច្ចសហការនិងការបន្តគាំទ្រពីដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេស សហភាពអឺរ៉ុប និងអង្គការGl2 ក៏ដូចជាវិស័យឯកជនពាក់ព័ន្ធ ក្នុងការបន្តរៀបចំវេទិកាបែបនេះ ឲ្យបានជាប់លាប់ជារៀងរាល់ឆ្នាំដើម្បីចូលរួមអនុវត្តផែនការសកម្មភាពនានា ដែលបានដាក់ចេញនៅក្នុងគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧។

២៖ សូមលើកទឹកចិត្តឲ្យសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ពង្រឹងតួនាទី និងកិច្ច សហការបន្ថែមឲ្យបានជិតស្និទ្ធ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។

៣៖ សូមលើកទឹកចិត្តឲ្យមានការផ្គូរផ្គងធុរកិច្ចបន្ថែម ក៏ដូចជាការអនុវត្តការធ្វើកសិកម្មកិច្ចសន្យា (Contract Farming) ដើម្បីធានានិរន្តរភាពតម្លៃ និងទីផ្សារ។

៤៖ ស្នើឲ្យសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធ បន្តចូលរួម គាំទ្រ និងរៀបចំកម្មវិធីបែបនេះជាប្រចាំ ព្រមទាំងចូលរួមជំនួបផ្នូរផ្គងពាណិជ្ជកម្មនានា ឲ្យបានកាន់តែ ច្រើនដើម្បីផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងសមាជិកសហព័ន្ធនិងសមាគម និងកសាងភាពជាដៃគូ ជាមួយសហគ្រិនផ្សេងៗទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ប្រកបដោយយុទ្ធសាស្ត្រ និងកាន់តែស៊ី ជម្រៅ។

៥៖ សូមស្នើឲ្យភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បន្តសហការឲ្យបានស្អិតរមួតជាមួយក្រសួង/ស្ថាប័ន/និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាដោះស្រាយនូវកង្វល់ និងបញ្ហាប្រឈមនានា ក្នុងវិស័យស្វាយចន្ទី។

៦៖ ក្រសួងពាណិជ្ជកម្មនឹងបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញលើការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទីស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ។

ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបានជាង ១៤៥ពាន់ហិកតា ដំឡូងមីប្រមាណ៥៣ពាន់ហិកតា ស្វាយកែវ រមៀតប្រមាណ ៩ពាន់ហិកតា ម្រេច ១៤១ហិកតា និងតាង៉ែន ៧៥ហិកតា។

លោកបន្តថា ខេត្តមានសហគ្រាសសិប្បកម្មកែច្នៃស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែងផងដែរ ដែលមានលទ្ធភាពផលិតគ្រាប់ស្វាយចន្ទីឆៅ បានប្រមាណ ២០ម៉ឺនតោន ស្មើនឹង៣០% នៃក្របខណ្ឌទូទាំងប្រទេស៕