(រតនគិរី)៖ បវេសនកាល ឆ្នាំសិក្សាថ្មីនាពេលនេះ គឺជាឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យ អាទិភាពទី១ ឆ្ពោះទៅ អភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតី សហគ្រិន ភាពនវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ នេះគឺជាការលើកឡើងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤ ដែលបានរៀបចំធ្វើ

ឡើង នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែនៅក្រុងបានលុងនា ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកអភិបាលខេត្តបន្តថា ថ្ងៃនេះជាថ្ងៃដ៏មានអត្ថន័យបំផុតសម្រាប់ក្មួយៗ វាគឺជា ថ្ងៃមួយដែលសាលារៀនបើកទ្វារទទួលក្មួយៗឲ្យចូលរៀនឡើងវិញបន្ទាប់សម្រាកវិស្សមកាលអស់រយៈពេលកន្លះខែកន្លងទៅ។

លោកបានលើកទឹកចិត្ត ក្មួយៗខិតខំសិក្សារៀនសូត្រ, សូមចាប់យក តុ ក្តារឈ្នួន, ប៊ិក, សៀវភៅ, សាលារៀនជាមិត្តសម្លាញ់ និងជាបណ្តើរៗរៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បី គ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង, គ្រួសារ និងសង្គមជាតិ។

នៅក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំគ្រប់ឋានានុក្រមដែលខិតខំប្រឹងប្រែងប្រកបដោយមនសិការវិជ្ជាជីវៈក្នុងការពង្រីក និងផ្តល់សេវាអប់រំឱ្យបានខិត ដល់មូលដ្ឋានស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ថែមទាំងទទួលបាននូវគុណភាពថែមទៀត តួយ៉ាង ខេត្តរតនគិរីទទួល សិស្សពូកែនិទ្ទេសAកើនឡើងជាបន្តបន្ទាប់។ជាក់ស្តែង ឆ្នាំនេះទទួលបាន សិស្សនិទ្ទេស A ១០នាក់ (ស្រី៥នាក់) បើប្រៀបធៀបនឹងខេត្តក្នុងតំបន់ដាច់ស្រយាល (ស្ទឹងត្រែង ព្រះវិហារ កោះកុង មណ្ឌលគិរី) យើងមានសិស្សនិទ្ទេស A ច្រើនជាងគេ។

លោកថា «យើងទទួលបានពានរង្វាន់ជ័យលាភីទូទាំងប្រទេសនាយកសាលាល្អ គ្រូល្អ និងបានធ្វើចលនាប្រឡងប្រណាំងនានានៃវិស័យអប់រំក្នុងខេត្តយ៉ាងផុលផុស។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព និងស្ថេរភាពសង្គម រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាពិសេសក្រសួង អប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងជាមួយនឹងឆន្ទៈមោះមុតបំផុត និងមិនរាថយក្នុងការជំរុញការ អនុវត្តការកែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព ក្នុងគោលដៅអប់រំសិស្សានុសិស្ស ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ជាពលរដ្ឋល្អ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងសតវត្សទី២១»

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកអភិបាលខេត្ត បានអញ្ជើញប្រគល់ជ័យលាភីពានរង្វាន់ នាយកល្អ គ្រូល្អ ប្រគល់សម្ភារថវិកាជូននិវត្តជន ផ្តល់សម្ភារសិក្សាជូនតំណាងសិស្សពូកែ និងឧបត្ថម្ភជាអំណោយរបស់ សាលាខេត្តរួមមាន៖ សៀវភៅ ១ពាន់ក្បាល ប៊ិក ១ពាន់ដើម ខ្មៅដៃ ១ពាន់ដើម និងថវិកា ២លានរៀល។ ដោយឡែកលោកក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១លានរៀល សម្រាប់ដំណើរការកម្មពិធីផងដែរ៕