(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសរបស់សម្តេច ដើម្បីសហការពិគ្រោះយោបល់ជាមួយនឹងបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រគល់ភារកិច្ចជូនឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសហការពិគ្រោះយោបល់ជាមួយនឹងបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី»

សូមជម្រាបថា ការប្រគល់ភារកិច្ចនេះ គឺបន្តពីការប្រគល់ភារកិច្ចកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនលោក អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសហការពិគ្រោះយោបល់ជាមួយនឹងបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នា ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ក្រោយមក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានតែងតាំងលោក Dato’ Ahmad Azam Ab Rahman ជាបេសកជនពិសេសរបស់ម៉ាឡេស៊ី សម្រាប់ទំនាក់ទំនងជាមួយបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕